(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមកាងារ នាំយករថយន្តភ្ជាប់ជាមួយនឹងម៉ាស៊ីនទំទើប ដែលមានជាលើកទី១នៅកម្ពុជា ចុះត្រួតពិនិត្យលើគុណភាពស្ពានព្រែកតាមាក់ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដើម្បីបានស្វែងយល់បន្ថែមពីគុណភាពស្ពាន និងការប្រើប្រាស់គ្រឿងចក្រ ទំនើបមួយនេះក្នុងការថែទាំស្ពាន។

នៅក្នុងឱកាសនាំយករថយន្តភ្ជាប់នឹងម៉ាស៊ីនទំនើប ចុះត្រួតពិត្យគុណភាពស្ពាននេះដែរ ក៏មានការចូលរួមពីមន្ត្រីបច្ចេកទេសជំនាញក្រសួង អគ្គនាយកសាធារណការ និងដឹកជញ្ជូន រួមទាំងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ទូទាំងរាជធានីខេត្តចូលរួមផងដែរ។

ឆ្លើយតបនឹងការសាកសួរពីគុណភាពស្ពានក្រោយធ្វើការចុះត្រួតពិនិត្យរួច លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ក្រោយធ្វើការចុះត្រួតពិនិត្យរួច ឃើញមានបញ្ហាប្រេះស្រាំតិចតួច ហើយមន្ត្រីជំនាញក្រសួង ក៏បានបញ្ជាក់ប្រាប់ដល់ក្រុមហ៊ុនសាងសង់ (ក្រុមហ៊ុនសៀងហៃ) ឱ្យបានដឹងរួចហើយដែរ ដើម្បីធ្វើការជួលជុលឡើងវិញ។

លោកទេសរដ្ឋមន្ត្រី បានអះអាងដែរថា ស្ពានព្រែកតាមាក់នេះ ក៏បានដាក់ប្រព័ន្ធសិនសឺររួចហើយដែរ ដើម្បីបានដឹងពីភាពញ័ររង្គើពេលមានរថយន្តបើកឆ្លងកាត់ ក្រោយមានរថយន្តដែលភ្ជាប់នឹងឧបករណ៍ទំនើបនេះ។

បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រថយន្តដែលបានភ្ជាប់នឹងម៉ាស៊ីនទំនើបនេះមានតម្លៃ ៨០ម៉ឺនដុល្លារ ដែលបានប្រើប្រាស់ថវិកាជាតិទិញ ដើម្បីទុកសម្រាប់ធ្វើការត្រួតពិនិត្យលើ គុណភាពស្ពាន ផ្នែកខាងក្រោម ដើម្បីអាចដឹងថា ស្ពាននេះមានស្នាមប្រេះស្រាំ ខូចខាតឫអត់ ខណៈដែលមិនទាន់មានរថយន្តនេះ គឺមានភាពពិបាកខ្លាំងណាស់ នៅពេលដែលចង់ចុះមើលបាតស្ពានម្តងៗ ហើយរថយន្តទំនើបនេះមានសមត្ថភាពខ្ពស់ ដែលផ្ទុកមនុស្សបានចំនួន១០នាក់ ដើម្បីចុះពិនិត្យមើលបាតស្ពានបានយ៉ាងងាយស្រួលផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ដែរថា តាមការរំពឹងទុកក្នុងរយៈពេលប្រមាណ ១០ឆ្នាំទៅមុខទៀត នឹងមានកូនខ្មែរដែលមានសមត្ថភាពអាចសាងសង់ស្ពានបាន ដោយខ្លួនឯង ដោយមិនចាំបាច់ជួលជនបរទេសមក ជួយសាងសង់ស្ពាន នាំឱ្យមានការចំណាយច្រើនទៀតនោះទេ ខណៈដែលមកដល់ពេលនេះមាននិស្សិតដែលជាកូនខ្មែរជាច្រើនរូប បានទទួលការបណ្តុះបណ្តាលជំនាញទាំងនេះនៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលគិតមកដល់ពេលនេះ រៀនបានរយៈពេល ២ឆ្នាំហើយ៕