(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានដឹកនាំមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ សម្អាតបរិស្ថានក្នុងមូលដ្ឋានក្រុងស្ទឹងសែន នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីត្រៀមលក្ខណៈរៀបចំពិធីអុំទូកក្នុងខេត្ត អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក។

ក្នុងឱកាសនោះ លោក ងួន រតនៈ បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចូលរួមសំអាតបរិស្ថានជាប្រចាំ ដើម្បីរក្សាបានសុខភាពល្អទាំងអស់គ្នា។ លោកក៏បានប្រាប់ទៅកាន់ប្រជាពលរដ្ឋ ក្នុងការរៀបចំទុកដាក់សំរាម និងញែកសំរាមឲ្យបានត្រឹមត្រូវ ដើម្បីបញ្ជាសការកកស្ទះនៅតាមមាត់លូ ក៏ដូចជាក្លិនមិនល្អ និងបាត់បង់សោភ័ណភាពជាដើម។

សូមជម្រាបថា ខេត្តកំពង់ធំ បានកំណត់យកថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០២២ រៀបចំពិធីបុណ្យអុំទូក ដើម្បីបង្កបរិយាកាសប្បាយរីករាយ បន្ទាប់ពីការផ្អាកកម្មវិធីបុណ្យអុំទូកអស់រយៈពេល២កន្លងមក។

តាមការបញ្ជាក់របស់លោក ពេញ កែម អភិបាលក្រុងស្ទឹងសែន បានឲ្យដឹងថា ការសម្អាតបរិស្ថានថ្ងៃនេះ គឺរៀបចំទូទាំងក្រុង នៅតាមទីសាធារណៈ ក្នុងនោះតាមដងផ្លូវក្នុងក្រុងចាប់ពី ដាវដែកកំពង់ស្វាយ ផ្លូវកំពង់ធំ សៀមរាប កំពង់ធំ ព្រះវិហារ រហូតមកដល់ព្រំប្រទល់ស្រុកសន្ទុក មានប្រវែង ១១គីឡូម៉ែត្រ និងតាមផ្លូវតូចមួយចំនួនក្នុងស្ទឹងសែន៕