(ភ្នំពេញ)៖ ដើម្បីជាការបញ្ជាក់ឲ្យកាន់តែច្បាស់ជូនបងប្អូនប្រជាពលរដ្ឋ ចំពោះការចាយវាយក្រដាសប្រាក់ដុល្លារនោះ, នៅព្រលប់ថ្ងៃទី១៣ ខែមិថុនានេះ មន្រ្តីធនាគារជាតិ នៃកម្ពុជា បានថ្លែងបញ្ជាក់ប្រាប់អង្គភាព Fresh News ថា ក្រដាស​ប្រាក់ដុល្លារ ដែលមានបោះត្រាសម្គាល់តូចៗ នៅតែទទួលយកជាធម្មតា មិនមានបញ្ហានោះទេ លើកលែងតែក្រដាសប្រាក់ដុល្លារ ចាស់ ទក់ រហែក មានស្នាមប្រឡាក់ខ្លាំង ឬ ឆេះរោល នោះធនាគារទទួលឡើយ។

មន្រ្តីធនាគារ បានបន្ថែមថា ការដែលធនាគារមិនទទួលក្រដាសប្រាក់មានសភាព ចាស់ ទក់ រហែក មានស្នាមប្រឡាក់ខ្លាំង ឬ ឆេះរោល ដោយសារតែធនាគារនៅក្រៅប្រទេសគេមិនទទួលក្រដាសប្រាក់មានសភាពបែបនេះឡើយ។

ការបញ្ជាក់របស់មន្រ្តីធនាគារបែបនេះ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានមួយចំនួននៅតាមបណ្តាញសង្គម Facebook ថា ក្រដាសប្រាក់ដុល្លារ ដែលមានវាយត្រាសម្គាល់តូចៗ ត្រូវធនាគារជាតិឈប់​ទទួល។

នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ ធនគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ បង្ហោះក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook ផ្លូវការរបស់ខ្លួនដោយបញ្ជាក់ថា ធនាគារជាតិ នៃកម្ពុជា មិនមានកាតព្វកិច្ចទទួលក្រដាសប្រាក់ រូបិយប័ណ្ណបរទេសចាស់ ទក់ រហែក មានស្នាមប្រឡាក់ ឆេះរោលដោយប្រកាសណាមួយ ហើយប្តូរយកក្រដាស់ប្រាក់ថ្មីបានឡើយ។

សេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ទៀតថា ធនាគារជាតិនៃកម្ពុជា នៅតែទទួលក្រដាសប្រាក់ដុល្លារអាមេរិក ពីអតិថជនរបស់ខ្លួន (គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ) ដែលមានគណនីនៅធនាគារជាតិនៃកម្ពុជា នៅពេលដែលក្រដាសប្រាក់ដុល្លារនោះ ជាក្រដាសប្រាក់ពិតប្រាកដ មិនមែនក្លែងក្លាយ ហើយមានគុណភាពសមស្រប។  

សូមជម្រាបថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ព័ត៌មានស្តីពីការឈប់ចាយ និងទទួលលុយដុល្លារ ដែលមានស្នាមត្រា និងទក់ ត្រូវបានផ្ទុះឡើង ក្នុងបណ្តាលទំនាក់ទំនងសង្គម Facebook ហើយព័ត៌មានចរចាមអារ៉ាម គ្មានមូលដ្ឋានមួយនេះបន្តចែកចាយជាបន្តបន្ទាប់ ដែលនាំឲ្យប្រជាពលរដ្ឋ អាជីវករ និងកន្លែងដូរលុយមួយចំនួន ឈប់ទទួលលុយដុល្លារប្រភេទនេះ។

ជាក់ស្តែងនៅថ្ងៃនេះមានមិត្តអ្នកអានដែលនិយមគាំទ្រ ព័ត៌មានទាន់ហេតុការណ៍ Fresh News បានទូរស័ព្ទប្រាប់ថា លោកបានយកលុយទៅដូរ នៅកន្លែងដូរលុយនៅផ្សារដឺហ្គោល ប៉ុន្តែកន្លែងដូរលុយនោះ បានប្រកាសមិនយកលុយដុល្លារ មានត្រា ប្រឡាក់បន្តិចបន្តួច និងទក់ ហើយកន្លែងលក់ឥវ៉ាន់មួយចំនួនទៀត ក៏ប្រកាសមិនយកលុយប្រភេទនេះដែរ។

ពាក់ព័ន្ធនឹងការលើកឡើងនេះ លោកស្រី សូ ផនណារី អនុប្រធាននាយកប្រតិបត្តិធនគារអេស៊ីលីដា បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃនេះថា ចំពោះធនគារអេស៊ីលីដា មានគោលការណ៍ច្បាស់លាស់ ក្នុងការទទួលយក និងការទូទាត់ប្រាក់ដុល្លារ ដែលរូបិយវត្ថុបរទេស​។ លោកស្រីថា នៅធនាគារអេស៊ីលីដា ចំពោះលុយដុល្លារថ្មីដែលមានត្រាតូច គឺទទួលយកធម្មតា។ ចំណែកឯលុយដុល្លារ ដែលទក់ និងប្រឡាក់នោះ មុននឹងទទួលយក គឺត្រូវពិនិត្យយ៉ាងម៉ត់ចត់ ទៅតាមស្ថានភាពតិច ឬច្រើន។

លោកស្រីបានបញ្ជាក់ថា «ដោយសារតែប្រាក់ដុល្លារ ជារូបិយវត្ថុបរទេសនោះ ដូច្នេះអេស៊ីលីដា មានគោលការណ៍ច្បាស់លាស់ ដោយធ្វើការពិនិត្យទៅលើលុយដុល្លារ ឲ្យបានល្អិតល្អន់មុននឹងទទួលយក»