(បន្ទាយមានជ័យ)៖​ ជនសង្ស័យជាឃាតកម្នាក់ បន្ទាប់ពីបានធ្វើសកម្មភាពសម្លាប់ប្អូនថ្លៃខ្លួនឯង ក្រោយមកលួចរត់ឆ្លងដែនបំណងទៅប្រទេសថៃ តែត្រូវសមត្ថកិច្ចចាប់ខ្លួនបាន។

លោក ឧត្តមសេនីយ៍ទោ អាត់ ខែម នគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងនៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះថា កម្លាំងនគរបាលកម្ពុជា សហការជាមួយ សមត្ថកិច្ចព្រំដែនថៃ បានចាប់ខ្លួន ជនសង្ស័យម្នាក់ដែលជាឃាតកសម្លាប់ប្អូនថ្លៃខ្លួនឯង កាលពីយប់ថ្ងៃទី៨ ខែឧសភា​ ឆ្នាំ២០១៦កន្លងទៅ ​នៅក្រោមស្ពានទឹកថ្លា​ ស្ថិតភូមិសង្កាត់ទឹកថ្លា​​ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោកស្នងការបានបន្តទៀតថា បន្ទាប់ពីសម្លាប់ប្អូនថ្លៃរបស់ខ្លូនហើយ ជនសង្ស័យមានបំណងឆ្លងដែន​ចូលទៅប្រទេសថៃ​ដើម្បីគេចខ្លួន​តែត្រូវកម្លាំង​របស់លោក និងកម្លាំងសមត្ថកិច្ចនៅតាមព្រំដែនចាប់បានមកវិញ។

លោកឧត្តមសេនីយ៍ទោបានបន្ដទៀតថា ជនសង្ស័យឈ្មោះ ប៊ីវ ឡុង អាយុ៣០ឆ្នាំ ចំណែកជនរងគ្រោះឈ្មោះ ទី ទីន ភេទប្រុស អាយុ១៧ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិសូភីកណ្តាល​ ឃុំសូភី​ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនខ្លូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធី៕