ប្រធានាធិបតីសហរដ្ឋអាមេរិក លោក អូបាម៉ា ហៅការបាញ់ប្រហារនៅទីក្រុង Orlando ថាជា «អំពើភេរវកម្ម»
13-06-2016 16:41
(អាមេរិក)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានថ្លែងការថា ការបាញ់ប្រហារដ៏សាហាវនៅក្នុងក្លឹបកម្សាន្ត ក្នុងទីក្រុងអូឡាន់ដូ គឺជា «អំពើភេរវកម្ម» ហើយលោកពិតជាមានអារម្មណ៍តក់ស្លុតយ៉ាងខ្លាំងចំពោះការវាយប្រហារមួយនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN ចេញផ្សាយនៅរសៀលថ្ងៃទី១៣ ខែមិថុនា។
ថ្លែងចេញពីសេតវិមាន លោក អូបាម៉ា បានថ្លែងថា វាគឺជាការបាញ់ប្រហារដ៏ឃោឃៅមួយ ហើយលោកចាត់ទុកការបាញ់ប្រហារនេះគឺជា «អំពើភេរវកម្ម»។ ប្រធានាធិបតីជិតផុតអាណត្តិរូបនេះ ក៏បានបង្ហាញអារម្មណ៍តក់ស្លុត និងថ្កោលទោសចំពោះទង្វើដ៏កាចសាហាវមួយនេះ។
ស្របពេលជាមួយគ្នានេះផងដែរ បណ្តាប្រទេសនានានៅលើសកលលោក ដូចជា ចិន ប៉ាគីស្ថាន បារាំង សិង្ហបុរី ព្រមទាំងប្រទេសនៅអឺរ៉ុប និង អាស៊ីជាច្រើនទៀត បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងតក់ស្លុតបំផុត ព្រមទាំងបានថ្កោលទោសយ៉ាងធ្ងន់ធ្ងរ បំផុតថែមទៀត ទៅលើអំពើភេរវកម្មនៅទីក្រុង អូឡាន់ដូ រដ្ឋផ្លូរីដា ភាគខាងត្បូងសហរដ្ឋអាមេរិក ដែលបានបណ្តាលឲ្យ មនុស្ស ៥០នាក់ (ភាគច្រើនជាមនុស្សស្រឡាញ់ភេទដូចគ្នា) បាត់បង់ជីវិត និង ៥៣នាក់ទៀតរងរបួស។
គួរបញ្ជាក់ថា បើទោះបីជាពួក ISIS បានចេញសារទទួលស្គាល់ថាការវាយប្រហារនោះគឺជាទង្វើរបស់ខ្លួន ប៉ូលិសសហព័ន្ធអាមេរិក មិនទាន់មានការជឿជាក់នោះដែរ ដោយត្រូវរង់ចាំការស៊ើបអង្កេតជាបន្តទៀត៕