(កណ្តាល)៖ សម្រាប់ព័ត៌មានករណីប្លន់ ប្រដាប់អាវុធមួយ នៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល នៅវេលាម៉ោង១២៖៣០នាទី រំលងអាធ្រាត្រចូលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ​២០១៦ ដោយក្រុមចោរបានប្លន់ យកលុយប្រមាណ៧ម៉ឺនដុល្លារ និងគ្រឿងអលង្ការមួយចំនួននោះ ត្រូវបានស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន និងមេបញ្ជាការ​អាវុធហត្ថ​ខេត្ត លោកឧត្តមសេនីយ៍ត្រី សំ តុលា បានបង្ហាញរបាយការណ៍ថា ជារឿងប្រឌិតសុទ្ធសាធរបស់ម្ចាស់ផ្ទះឈ្មោះ ផន វ៉ាន្នី អាយុ៣៩ឆ្នាំ។

នៅយប់មិញ តាមការសាកសួរព័ត៌មានជាជំហានដំបូងរបស់សមត្ថកិច្ចនោះ ជនរងគ្រោះ ផន វ៉ាន្នី បានរៀបរាប់ថា ក្រុមចោរមិនស្គាល់អត្តសញ្ញាណមានគ្នាចំនួន៣នាក់ ប្រដាប់ដោយអាវុធខ្លី១ដើម មិន​ស្គាល់​ម៉ាកបានចូលមកប្លន់យក លុយដុល្លារ70.000$ ខ្សែ-កមាស ច្រវ៉ាក់ឆាបបន្តោងយុទ្ធការ១,៣តម្លឹង ចិញ្ជៀនមាស១តម្លឹង និងចិញ្ជៀនបន្តោងរូបបេះដូង២ជី។ ម្ចាស់ផ្ទះរូបនេះ​បានបញ្ជាក់ពីករណី​នេះ​ទៀតថា នៅវេលាម៉ោង១២៖៣០នាទីឆ្លងចូលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ បានចុះពីលើផ្ទះរបស់ខ្លួនមកដី ដើម្បីមើលម្ដាយ និងកូនដែលដេកនៅខាងក្រោមសំយ៉ាបផ្ទះ។ នៅពេលគាត់​បើកទ្វារ​ផ្ទះចេញ ស្រាប់តែជនល្មើសត្រៀមចាំនៅខាងក្រៅផ្ទះបាន ដកកាំភ្លើងខ្លីភ្ជង់ ហើយក្រៀកគាត់ ចូលទៅក្នុងផ្ទះវិញ រួចក៏នាំគាត់ចូលទៅក្នុងបន្ទប់ កន្លែងគាត់ដេក និងបាននិយាយថា៖ «មិនចាំបាច់​លាក់ទេ លក់ដីបាន ប៉ុន្មានអញដឹង​អស់ហើយយកមកឲ្យអញទាំងអស់មក»។ ពេលនោះជនរងគ្រោះ ក៏បានចាក់សោរទូយកលុយ​ឲ្យទៅជនល្មើសទាំងអស់រួម​ទាំងសម្ភារៈ​ខាងលើ ដែលមាន​នៅក្នុងកាបូប។ បន្ទាប់ពីយកលុយ និងសម្ភាររួចហើយជនសង្ស័យក៏​បានបណ្ដើរជនរងគ្រោះ ទៅចងនៅចំណុចដើមអង្គារដីជិត​មាត់បឹងកាហយ ខាងកើតផ្ទះជនរងគ្រោះ​ចំងាយជាង១០០ម៉ែត្រ។ ក្រោយមកឈ្មោះ ឌួង សុកុល ប្រពន្ធជនរងគ្រោះបានភ្ញាក់ឡើង រកប្ដីមិនឃើញ ក៏មានការឆោឡោ និងបាននាំគ្នាដើររកប្ដីហើយ ក៏បានឃើញប្ដីនៅចំណុចកើតហេតុខាងលើ ដោយដៃទាំងពីរត្រូវ​ជនល្មើសចាប់ចងក្រពាត់​ទៅក្រោយ និងដើមអង្គាដី ចំណែកមាត់ចង និងក្រម៉ាក្រឡាការ៉ូក្រហម-ស។ ឃើញដូចនេះកូន និងប្រពន្ធជនរងគ្រោះ បាននាំគ្នាស្រាយចំណងរួចនាំជន​រងគ្រោះទៅសង្គ្រោះនៅគ្លិនិក ប៉ៃលិន ដោយដាក់សេរ៉ូម មួយប្លោករហូតដល់ម៉ោង៤​ ទើបនាំត្រឡប់មកផ្ទះវិញ។

សម្រាប់លោកស្នងការខេត្តកណ្តាល ឧត្តមសេនីយ៍ អ៊ាវ ចំរើន បានបង្ហាញរបាយការណ៍ថា យោងតាមការស្រាវជ្រាវ ស៊ើបអង្កេត ការពិនិត្យស្ថានភាពទីកន្លែងកើតហេតុ ស្ថានភាពជនរងគ្រោះ សមាជិក​ក្រុមគ្រួសារ ការបាត់បង់ទ្រព្យសម្បត្តិសកម្មភាព ភិនភាគរបស់ជនល្មើស និងការបំភ្លឺរបស់សាក្សី បានធ្វើឲ្យសមត្ថកិច្ចយើងអាចធ្វើការសន្និដ្ឋានបានថា «មិនមានអំពើប្លន់ពិតប្រាកដនោះទេ គឺជារឿងប្រឌិត»។ លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ពីហេតុ​ផលមួយចំនួនរួមមានទី១-ផ្ទះជនរងគ្រោះ មានសមាជិកកំពុងស្នាក់នៅ៩នាក់ តែ៨នាក់ពុំមានអ្នកណាបានដឹងសកម្មភាពប្លន់ ក្រៅពីជនរងគ្រោះម្នាក់ ហើយឆ្កែមិនបានព្រូសទៀតផង។ ទី២-ជនរងគ្រោះមិនអាចបំភ្លឺអំពីភិនភាគ និងសកម្មភាព របស់ជនសង្ស័យបាននោះឡើយ ដោយអះអាងថា មិនបានចងចាំ។ ទី៣- ជនរងគ្រោះ មិនមានរងរបួស ឬបន្សល់ស្លាកស្នាម ខ្សែចងដៃ នៅលើដងខ្លួន និងនៅទីកន្លែងដើមអង្គាដី។ ទី៤-សាក្សីអ្នកជិតខាងជុំវិញ ពុំមានអ្នកណាដឹងអំពីហេតុការណ៍ដែលបានកើតឡើង។ ទី៥-ទូទុកដាក់លុយទុកកូនសោនៅលើខ្នងទូ និងទី៦-ពុំមានអ្នកដឹងថា មានប្អូនយកលុយមកឲ្យទេ ដូច្នេះជាការប្រឌិតរឿងហេតុ ផ្ដើមចេញពីជនរងគ្រោះឈ្មោះ ផន វណ្ណី ថា មានជនល្មើស៣នាក់ និងអាវុធខ្លី១ដើម បានប្រព្រឹត្ត សកម្មភាពអំពើប្លន់ យកទ្រព្យសម្បត្តិ និងលុយកាក់របស់ខ្លួន។ បើតាមលោកស្នងការ ការពិតជារឿងផ្ទៃក្នុង របស់ក្រុមគ្រួសារជនរងគ្រោះ និងការចង់បាន​លុយចំនួន​២ម៉ឺន​ដុល្លាររបស់ឈ្មោះ សំ អេម ភេទស្រី អាយុ៧៩ឆ្នាំ (ត្រូវជាម្ដាយមីង) ដែលបានយកលុយមកផ្ញើ១យប់ទុក ក្នុងគោលបំណងសម្រាប់បង្វែយកទៅផ្ញើឲ្យបងប្អូននៅស្រុកបារាំង។ ជាមួយគ្នានេះ ប្រពន្ធ​ជន​រ​ងគ្រោះឈ្មោះ ឌួង សុកល បានមកយំស្រែកថា សមត្ថកិច្ចឃាត់ខ្លួនប្ដីរបស់ខ្លួន និងបានឲ្យកូនស្រីរបស់ខ្លួនផ្សាយប្រាប់ទៅវិទ្យុABC ដោយលើកឡើងថា សមត្ថកិច្ចបានឃាត់ប្ដីរបស់ខ្លួន មកកាន់អធិការដ្ឋាននគរបាល ស្រុកមុខកំពូល ជាការពិតសមត្ថកិច្ចហៅមកសាកសួរ។ ដោយសម្រាប់មេបញ្ជាការអាវុធហត្ថខេត្តលោកឧត្តមសេនីយ៍ត្រី សំ តុលា បានបញ្ជាក់នៅក្នុង​របាយការណ៍​របស់ខ្លួនថា ក្រោយពេលកម្លាំងសមត្ថកិច្ច ខេត្ត-ស្រុក បានចុះដល់កន្លែងកើតហេតុ ពិនិត្យ វិភាគកន្លែងកើតហេតុសាកសួរជនរងគ្រោះសាក្សីជុំវិញកន្លែងកើតហេតុឃើញថា ចម្លើយជនរងគ្រោះ ឆ្លើយមិនច្បាស់​លាស់ អំពីរឿងហេតុដែលកើតឡើង។ ប្រភពប្រាក់៧ម៉ឺនដុល្លារ មិនច្បាស់លាស់តែក្នុងនេះ មានប្រាក់ម្តាយមីងផ្ញើ ពីរសៀលមុនថ្ងៃកើតហេតុមួយថ្ងៃ ក្រៅពីនោះបានមក​ពីគួរជេដីលក់ដី(មិនចាំឆ្នាំ និងចំនួន)។

សម្រាប់ចម្លើយប្រពន្ធជនរងគ្រោះ នៅម៉ោងកើតហេតុគាត់ពុំដឹងអ្វីទាំងអស់ ព្រោះដេកលក់ ពេលភ្ញាក់ដឹងខ្លួន មិនឃើញប្តីក៏ស្រែកឆោឡោ ក្រោយមកទើបដឹងថា មានចោរចូលប្លន់ ។ រីឯលោកយាយ ត្រូវជាម្តាយមីងជនរងគ្រោះ គាត់ថា ពេលម៉ោង១១នាទីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ គាត់បានយកលុយចំនួន២ម៉ឺនដុល្លារ យកមកផ្ញើទុកនៅជនរងគ្រោះ និងប្រពន្ធ ហើយក៏សំរាកនៅ​ក្រោមផ្ទះនេះមួយយប់ គាត់មិនដឹងរឿងហេតុអ្វីកើតឡើងទាំងអស់​លុះដល់ម៉ោង២នាទីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ ទើបឃើញប្រពន្ធជនរងគ្រោះឆោឡោបាត់ប្តី។

លោកមេបញ្ជាការបានបន្តទៀតថា ចម្លើយសាក្សីជុំវិញកន្លែងកើតហេតុបញ្ជាក់ថា កើតហេតុមានសភាពធម្មតា មិនឃើញមានមនុស្សចំឡែក មិនឮសម្លេងឡានម៉ូតូ ឬសម្លេងឆ្កែព្រុសក្នុងភូមិ ដោយសារ​ភូមិនោះ​មានឆ្កែច្រើន។ យោងតាមការឆ្លើយបំភ្លឺខាងលើ និងតាមការពិនិត្យ វិភាគកន្លែងកើតហេតុពុំមានស្មាមទ្រុឌទ្រោមស្មៅ កន្លែងចងជនរងគ្រោះ ម៉្យាងទៀតជនរងគ្រោះគ្មានស្លាកស្នាម (ចំណង​ស្នាម​កកិត នឹងដើមអង្គាដី) រួមផ្សំជីវភាពរស់នៅជាក់ស្តែង​មិនអាច​យកប្រាក់ច្រើន​យ៉ាងនេះ មកទុកក្នុងទូរដែល​មានលក្ខណៈ មិនរឹងមាំ សោរ​ទូទុកចោល​លើដំបូលទូ ដូច្នេះយើង​អាចសន្និដ្ឋាន​បានថា ករណីនេះ​អាចជាករណីប្រឌិត៕