(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងព្រមានថា មិនលើកលែងឲ្យការធ្វើបាតុកម្មរបស់ គណបក្សសង្រ្គោះជាតិនោះឡើយ ហើយសមត្ថកិច្ចនឹងចាត់វិធានការ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម។

ការព្រមានរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីគណបក្សសង្រ្គោះជាតិ បានប្រកាសធ្វើការជួបជុំ និងទទួលញត្តិរបស់អ្នកគំាទ្ររបស់ខ្លួន មកពីតាមបណ្តាខេត្តនានានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ នេះ ជាថ្ងៃដែលលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ត្រូវតុលាការ កោះហៅឲ្យចូលខ្លួនទៅបំភ្លឺពីបទ «បដិសេធក្នុងការចូលខ្លួន» តាមការកោះហៅរបស់តំណាងអយ្យកាកន្លងមក។ ការកៀងគររបស់អ្នកគាំទ្រនេះ ត្រូវបានគេមើលឃើញថា ជាចេតនារបស់គណបក្សប្រឆាំង ដើម្បីត្រៀមធ្វើការទប់ទល់​ ប្រសិនបើមានការចាប់ខ្លួនលោក កឹម សុខា ពីកងកម្លាំងសមត្ថកិច្ច។

សម្តេចតេជោ ហ៊ុន សែន បានហៅការកៀងអ្នកគាំទ្រមកធ្វើបាតុកម្មនេះថា ជាការធ្វើបាតុកម្ម ដើម្បីការពាររឿងអាស្រូវផ្លូវភេទរបស់បុគ្គល។ សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «អាពាក្យបាតុកម្ម កុំគំរាម! ផ្តាំទៅអ្នកឯង កុំគំរាម មិនអត់ឱនឲ្យទេ ប្រាប់ឲ្យហើយ។ គ្រាប់គ្រាន់ហើយ មុននេះ ដើម្បីតំណែងរដ្ឋសភាធ្វើបាតុកម្មបង្កចលាចល។ តែលើកនេះរឿងស្រីញី អ្នកឯងក៏យកមនុស្សមកធ្វើបាតុកម្មការពារទៀត តើសមហេតុផលទេ»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តទៀតថា រឿងរបស់លោក កឹម សុខា គឺជារឿងបុគ្គលតូចតាច មិនគួរយកបក្សទាំងមូលទៅពាក់ព័ន្ធនោះទេ គួរតែចូលទៅដោះស្រាយ តាមផ្លូវតុលាការ៕