(ភ្នំពេញ)៖ តាមរយៈសេចក្តីប្រកាសមួយ ដែល Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ គណៈកម្មាធិការរៀបចំការ បោះឆ្នោត (គ.ជ.ប) បានប្រកាសជាថ្មីថា សកម្មភាពរបស់លោក នី ចរិយា មួយរយៈចុងក្រោយមុនពេលចាប់ខ្លួន គឺជាកិច្ចការរបស់បុគ្គល ប៉ុន្តែមិនពាន់ព័ន្ធជាមួយនឹងស្ថាប័ន គ.ជ.ប នោះទេ។

ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីមានសាធារណៈជនជាតិ និងអន្តរជាតិមួយចំនួន បានចាប់អារម្មណ៍អំពីចំណាត់ការរបស់តុលាការ ទៅលើករណី លោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប ដែលត្រូវចាប់ខ្លួនដោយ អង្គភាពប្រឆាំងអំពើពុករលួយ បន្ទាប់ពីមានការចោទ ប្រកាន់របស់ កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលកន្លងមកធ្លាប់រងការទិទៀនថា មានទំនាក់ទំនងស្នេហាជាមួយ លោក កឹម សុខា។

តាមក្នុងសេចក្តីប្រកាសនោះ គ.ជ.ប បានបង្ហាញអំពីជំហរ៣ចំណុចដោយអះអាងថា ទី១.សកម្មភាពរបស់ លោក នី ចរិយា ចុងក្រោយនោះ មិនស្ថិតនៅក្នុងក្របខណ្ឌនៃការបម្រើការងារបោះឆ្នោតរបស់ គ.ជ.បទេ គឺជាកិច្ចការផ្ទាល់ខ្លួន។ ទី២. គ.ជ.ប ត្រូវអនុវត្តសមត្ថកិច្ចរបស់ខ្លួន ដោយឯករាជ្យ និងអព្យាក្រឹត្យ ដើម្បីធានាឱ្យបានការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ស្របតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ ទី៣. គ.ជ.ប ប្តេជ្ញាចិត្តធ្វើឱ្យការបោះឆ្នោតប្រព្រឹត្តទៅតាមកាលកំណត់ និងធានានូវតួនាទីរបស់ខ្លួន ស្របតាមច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធ។

លោក នី ចរិយា ដែលជាអតីតមន្រ្តីអាហុក ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ សម្រេចឃាត់ខ្លួនកាលពីចុងខែមេសា ឆ្នាំ២០១៦ ជាមួយនឹងមន្រ្តីអាដហុក៤រូប រួមមានលោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វង់ដា និងលោកស្រី លឹម មុន្នី ។ លោក នី ចរិយា ត្រូវបានតុលាការចោទប្រកាន់ពីបទ សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី តាមមាត្រា២៩ និង មាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌ។ ចំណែកមន្រ្តី អាដហុក៤នាក់ខាងលើ ត្រូវបានលោកព្រះរាជអាជ្ញារង គុជ គឹមឡុង ចោទពីបទសូកប៉ាន់សាក្សី ដែលពួកគេត្រូវបានសាលាដំបូងឃុំខ្លួន កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦។

នៅក្នុងសវនាការនៅសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ  ប្រធានក្រុមប្រឹក្សាជំនុំជម្រះរបស់សាលាឧទ្ធរណ៍ លោក ឃុន លាងម៉េង ក៏បានបដិសេធលើសំណើសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់ពួកគេផងដែរ៕