(កំពង់ធំ)៖ អាជ្ញាធរខេត្តកំពង់ធំ បានប្រារព្ធខួបលើកទី៩ ទិវាអតីតយុទ្ធជនកម្ពុជា ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ ក្រោមវត្តមានលោក សុខ លូ អភិបាលរង​ខេត្តកំពង់​ធំ និងមានការចូលរួមពីប្រធានមន្ទីរអង្គភាពជុំវិខេត្ត និងអតីតយុទ្ធជន ពលីពិការប្រមាណជាង​១៤៥នាក់ផងដែរ។ ក្នុងឱកាសនោះដែរលោក អ៊ាប ឈុនស្រ៊ាង ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និង​យុវនីតិសម្បទាខេត្ត បានអាននូវរបាយការណ៍សង្ខេប ពីសកម្មភាពការងារអតីតយុទ្ធជន និងការងារសមាគមអតីតយុទ្ធជនកម្ពុជាឆ្នាំ២០១៥-២០១៦ កន្លងមក។

ក្រោយមកលោក សុខ លូ ក៏បានអានសាររបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថា «ទិវាខួបលើកទី៩ ទិវាអតីតយុទ្ធជនកម្ពុជា ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ យើងមានសុខសន្តិភាព​ពេញបរិបូរណ៍ ក៏ដោយសារបងប្អូនយុទ្ធជនហ៊ានពលីជីវិតបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីការពារប្រទេសជាតិមាតុភូមិ យើងត្រូវនឹកឃើញនូវគុណបការៈរបស់គាត់ ហើយកុំឲ្យក្មេងៗជំនាន់ក្រោយ បំភ្លេចអតីតយុទ្ធជនរបស់យើង បងប្អូនបានជួប និងសង្គ្រាមផ្ទៃក្នុង​បានធ្វើឲ្យបងប្អូនខ្លះត្រូវបាត់បង់ជីវិត ព្រាត់ប្រាស់គ្រួសារ កំព្រាឪពុកម្តាយ  ខ្លះត្រូវធ្លាក់ខ្លួនពិការ ដូច្នេះបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចេះរួមសហការសាមគ្គីជាធ្លុងមួយ ដើម្បីថែរក្សាកេរ្តិ៍ដំណែល លើកស្ទួយវប្បធម៌ប្រពៃ​ណីសាសនា និងទឹកដីឲ្យបាននូវគង់វង្ស។ ជាចុងបញ្ចប់ លោកអភិបាលរង ក៏បានចែកជូននូវថវិកា ដល់បងប្អូនយុទ្ធជន៥០នាក់ ម្នាក់ៗ​ទទួលបានថវិកា២០០០០រៀលផងដែរ»។ សូមបញ្ជាក់ថា ការប្រារព្ធខួបនេះដោយយោងសារាចរណែនាំលេខ៧ ស.រ របស់រាជរដ្ឋាភិបាល​កម្ពុជា ស្តីពីការប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជាលើក​ទី៩ ហើយរាជរដ្ឋាភិបាលជានិច្ចជាកាល តែងចាត់ទុកស្មារតីនៃការតស៊ូដ៏អង់អាចក្លាហាន និងពលិកម្មដ៏ស្មោះរបស់អតីតយុទ្ធជន។

បន្ថែមពីនេះ គឺមានគោលបំណងផ្សព្វផ្សាយឲ្យប្រជាជនទូទាំងប្រទេស ឲ្យមានការយលដឹងកាន់តែទូលាយបន្ថែមទៀត អំពីអតីតយុទ្ធជនដើម្បីបំផុសចលនាចលនាគាំទ្រអតីតយុទ្ធជន លើកកម្ពស់​តួនាទី​របស់អតីតយុទ្ធជនក្នុងសង្គម និងជំរុញស្មារតីសេ្នហាជាតិក្នុងស្រទាប់ប្រជាជន កងកម្លាំងប្រដាប់អាវុធជាពិសេសស្រទាប់យុជន ដើម្បីប្រែក្លាយយុវជនឲ្យស័ក្តិសម ជាសសរទ្រូង និងជាអ្នកបន្តវេន​ប្រកបដោយឧត្តម​គតិមុតរឹងមាំ និងមានសេចក្តីថ្លៃថ្នូរ៕