(ភ្នំពេញ​)៖​ បន្ទាប់ពីបើកសវនាការតាំងពីព្រឹក ​​​​រហូតដលម៉ោងជាង ១២៖០០នាទីថ្ងៃត្រង់ ថ្ងៃ​ទី​១៣​ ខែ​មិថុនា​ ឆ្នាំ​២០១៦​នេះ ​ប្រធានក្រុមប្រឹក្សាជំនុំជម្រះរបស់សាលាឧទ្ធរណ៍ លោក ឃុន លាងម៉េង បានបដិសេធលើសំណើសុំនៅក្រៅឃុំបណ្តោះអាសន្ន​របស់​មន្ត្រី​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ​៤រូប​ និង​ អគ្គ​លេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​(គ.ជ.ប​)​ មួយ​រូប​ហើយ ដោយតម្កល់តាមសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ។

ជនជាប់ចោទទាំង៥នាក់ រួមមាន លោក នី សុខា ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សមាគម​អាដហុក​ លោក​ យី​ សុខសាន្ត​ អនុ​ប្រធាន​សមាគម​អាដហុក​ លោក​ ណៃ​ រ៉ង់ដា​ អនុ​ប្រធាន​សមាគម​អាដហុក​​ លោក​ស្រី​ លឹម​ មុន្នី​ មន្ត្រី​ជាន់​ខ្ពស់​សមាគម​អាដហុក​ និង លោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប ។

មន្រ្តីអាដហុក លោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វង់ដា និងលោកស្រី លឹម មុន្នី​ នា​ពេលកន្លងទៅ ត្រូវ​បាន​លោក​ព្រះ​រាជ​អាជ្ញា​រង​ គុជ​ គឹម​ឡុង​ ចោទ​ពី​បទ​ សូកប៉ាន់​សាក្សី​ តាម​មាត្រា​៥៤៨ នៃ​ក្រម​ព្រហ្មទណ្ឌកម្ពុជា ហើយត្រូវ​បាន ​លោក​ ជា​ សុខ​ចាន់​ដេត​ ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​កាល​ពី​ល្ងាច​ថ្ងៃ​ទី​០២​ ខែ​ឧសភា​ ឆ្នាំ​២០១៦​ ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ ដើម្បី​រង់ចាំ​ការ​ស៊ើបអង្កេត​បន្ត​ទៀត​ ។

ដោយ​ឡែក ​លោក​ នី​ ចរិយា​ ដែលកំពុងជាប់ឃុំដែរនោះ ​​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​ តាម​មាត្រា​២៩​ និង​ មាត្រា​ ៥៤៨​ នៃ​ក្រម​ព្រហ្មទណ្ឌ​។ ជាមួយ​គ្នា​នេះ​ លោក​ សឺន​ សាលី​ ជា​មន្ត្រី​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ ដែលកំពុងរត់គេចខ្លួន ក៏ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ពី​បទ​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​ផង​ដែរ​។ បទល្មើស​សូកប៉ាន់​សាក្សី​ អាចប្រឈមនឹងការ​ផ្តន្ទា​ទោស​ពី​៥ឆ្នាំ​ទៅ​១០ឆ្នាំ​ ៕