(ប៉ារីស)៖ ក្រុមការពារតំណែងជើងឯក គោជល់អេស្ប៉ាញ នឹងចាប់ផ្តើម១ប្រកួតដំបូងរបស់ខ្លួន​ ក្នុងព្រឹត្តិការណ៍បាល់ទាត់ ពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 នៅបារាំង ដោយត្រូវប៉ះក្រុមសាធារណរដ្ឋឆេក ម៉ោង ៨៖០០នាទីរាត្រីនេះ ក្នុងពូល D។

សារព័ត៌មាន BBC បានផ្សាយថា អេស្ប៉ាញ មិនដែលមានប្រវត្តិលេងចាញ់ឆេកឡើយ ក្នុងប្រវត្តិជួបគ្នា ៤ប្រកួតចុងក្រោយនេះ ហើយឆេក អាចស៊ុតបញ្ចូលទីអេស្ប៉ាញបានតែ ១គ្រាប់ប៉ុណ្ណោះ កាលពីជួបគ្នាក្នុងខែមីនា ឆ្នាំ២០១១ ដោយអេស្ប៉ាញ ជាក្រុមដ៏រឹងមាំខាងប្រព័ន្ធការពារ ដោយមានកីឡាករ Gerrard Pique មកពីក្លឹប FC Barcelona និង Sergio Ramos មកពីក្លឹប Real Madrid ជាដើម។

ក្រុមឈ្នះជើងឯក World Cup 2010 និងពានរង្វាន់ Euro ២សម័យកាលជាប់គ្នាឆ្នាំ២០០៨ និងឆ្នាំ២០១២ អេស្ប៉ាញ ប្រើទម្រង់លេងតាមបែបបញ្ជូនបាល់ខ្លីៗ ដែលគេឲ្យឈ្មោះថា «Tiki Taka» ក្រោមការដឹកនាំរបស់គ្រូបង្វឹក Vicente del Bosque មិនបានកោះហៅកីឡាករ Fernando Torres មកពីក្លឹប Atletico Madrid និងខ្សែប្រយុទ្ធ Diego Costa របស់ក្លឹបតោខៀវ Chelsea ចូលលេងក្នុងជម្រើសជាតិឡើយ ដោយសម្រេចជ្រើសយក Nolito មកពីក្លឹប Celta Vigo និង Alvaro Morata មកពីក្លឹប Juventus ជំនួសវិញ។

អេស្ប៉ាញ ឈ្នះជើងឯក Euro 2012 កាលពី៤ឆ្នាំមុននៅទីក្រុង Wasaw ប្រទេសប៉ូឡូញ ក្រោយបំបាក់គូប្រជែង អាសូរីអ៉ីតាលី ៤-០ នៅវគ្គផ្តាច់ព្រ័ត្រ។

៣ប្រកួតយប់នេះបន្ត គឺអេស្ប៉ាញ ប៉ះឆេក ម៉ោង៨យប់ ក្នុងពូល D, ស៊ុយអែត ប៉ះអាយឡេន ម៉ោង១១យប់ និងអ៉ីតាលី ប៉ះប៊ែលហ្ស៊ិក ក្នុងពូល E ម៉ោង ២រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)៕