(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោ សហការខណ្ឌពោធិ៍សែនជ័យ ជាច្រើននាក់ ទាំងនគរបាល និងអាវុធហត្ថ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ បានចុះបង្រ្កាបមុខសញ្ញា​សង្ស័យចោរប្លន់​ប្រដាប់អាវុធ និងដកហូតបានកាំភ្លើងខ្លីមួយដើម និងម៉ូតូសង់កូរ៉េមួយគ្រឿង ស្ថិតនៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ។

ការដេញបង្ក្រាបជនសង្ស័យរូបនេះ បានធ្វើឡើងក្រោយពីមានការស្រែកជួយអន្តរាគមន៍ ពីម្ចាស់ផ្ទះសំណាក់យីហោ «សែន សុវណ្ណ» ស្ថិតនៅសង្កាត់ប្រទះឡាង ខណ្ឌដង្កោ ពីព្រោះឃើញជន​សង្ស័យបាន​សំញែងកាំភ្លើងខ្លី ពេលចេញពីបន្ទប់។

តាមជនរងគ្រោះ ដែលជាម្ចាស់ផ្ទះសំណាក់យីហោ «សែន សុវណ្ណ» បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ប៉ែន រស្មី អាយុ២៧ឆ្នាំ មានទីលំនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលកាលពីម្សិលមិញ បាន​មកជួលផ្ទះសំណាក់ដេក លុះព្រឹកឡើងជនសង្ស័យ ក៏ភ្ញាក់ពីដេក រួចដើរចេញមកក្រៅ ដោយបានដើចុះដើរឡើង និងនិយាយថាបាត់លុយអស់ចំនួន១,០០០ដុល្លារ ហើយបានទៅសួរគាត់ ភ្លាមនោះ​ជនសង្ស័យ បានដកកាំភ្លើងខ្លីម៉ាក K54 មកគម្រាមគាត់តែម្តង ដោយឃើញហេតុបែបនេះ ជនរងគ្រោះឈ្មោះ សែន សុវណ្ណ បានទូរស័ព្ទទៅដល់សមត្ថកិច្ចភ្លាម ពេលនោះជនសង្ស័យ ក៏បានយក​ម៉ូតូសង់​កូរ៉េមួយគ្រឿង ជិះកាត់ភ្លឺស្រែទៅបាត់។

ចំណែកឯសមត្ថកិច្ច ក៏បានឱ្យដែរថា «បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម សមត្ថកិច្ចខណ្ឌដង្កោ​បានចុះប្រតិបត្តិការជាបន្ទាន់ ដោយមានការសហការ​ពីសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ និងប្រជាពលរដ្ឋ ឈានដល់ការចាប់​ក្របួចជនសង្ស័យជាប់ និងបញ្ជូនទៅអធិការ​ដ្ឋានខណ្ឌដង្កោរ ចាត់ការតាមនីតិវិធី៕