(ភ្នំពេញ)៖​ សភា​ស៊ើប​សួរ​សាលាឧទ្ធរណ៍​ នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ ខែ​មិថុនា​ ឆ្នាំ​២០១៦​ នេះ​បើក​សវនាការ​ជា​អសាធារណៈ​ ចំពោះ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​​បណ្តោះអាសន្ន​ របស់​មន្ត្រី​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​៤រូប​ និង​ អគ្គ​លេខាធិការ​រង​គណៈកម្មាធិការ​ជាតិ រៀបចំ​ការ​បោះឆ្នោត ​(គជប​)​ មួយ​រូប​។

មន្ត្រី​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​៤រូប​ និង​ អគ្គ​លេខាធិការ​រង​គណៈកម្មាធិការ​ជាតិ ​រៀបចំ​ការ​បោះឆ្នោត ​(គជប​)​ មួយ​រូប​ ត្រូវ​បាន​លោក​ ជា​ សុខ​ចាន់​ដេត​ ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២​ ខែ​ឧសភា​ ឆ្នាំ​២០១៦​ ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ ដើម្បី​រង់ចាំ​ការ​ស៊ើបអង្កេត​បន្ត​ទៀត​។

មន្ត្រី​តុលាការ​ ថ្លែង​ ថា​ លោក​ នី​ សុខា​ ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សមាគម​អាដហុក​ លោក​ យី​ សុខសាន្ត​ អនុ​ប្រធាន​សមាគម​អាដហុក​ លោក​ ណៃ​ រ៉ង់ដា​ អនុ​ប្រធាន​សមាគម​អាដហុក​ និង​ លោក​ស្រី​ លឹម​ មុន្នី​ មន្ត្រី​ ជាន់​ខ្ពស់​សមាគម​អាដហុក​ ត្រូវ​បាន​លោក​ព្រះ​រាជ​អាជ្ញា​រង​ គុជ​ គឹម​ឡុង​ ចោទ​ពី​បទ​ សូកប៉ាន់​សាក្សី​ តាម​មាត្រា​៥៤៨នៃ​ក្រម​ព្រហ្មទណ្ឌ​។

ដោយ​ឡែក​លោក​ នី​ ចរិយា​ អគ្គ​លេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សមគំនិត​ ក្នុង​អំពើ​សូកប៉ាន់​សាក្សី​ តាម​មាត្រា​២៩​ និង​ មាត្រា​ ៥៤៨​ នៃ​ក្រម​ព្រហ្មទណ្ឌ​។

ជាមួយ​គ្នា​នេះ​ លោក​ សឺន​ សាលី​ ជា​មន្ត្រី​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ ក៏ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សមគំនិត​ ក្នុង​អំពើ​សូកប៉ាន់​សាក្សី​ផង​ដែរ​។ បទល្មើស​សូកប៉ាន់​សាក្សី​ កំណត់​ការ​ផ្តន្ទា​ទោស​ពី​៥ឆ្នាំ​ទៅ​១០ឆ្នាំ​៕