(ភ្នំពេញ)៖ ជុំវិញករណីរថយន្តដឹកឈើជាង៥០តោន ធ្វើឲ្យបាក់ស្ពាន នៅស្រុកទឹកឈូ ខេត្តកំពត ត្រូវបានលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ក្រសួងបរិស្ថាន នឹងពិនិត្យមើលយ៉ាងតឹងរ៉ឹង លើករណីរថយន្តដឹកឈើនេះថា តើហេតុអ្វីបានរថយន្តដឹកឈើនេះ អាចធ្វើដំណើរឆ្លងកាត់ពីតំបន់ឱរ៉ាល់ មកចេញនៅខេត្តកំពត, តើមានមន្រ្តីណាខ្លះជាប់ពាក់ព័ន្ធ។

ទោះបីយ៉ាងណា លោករដ្ឋមន្រ្តី សាយ សំអាល់ បានអះអាងបន្តថា ករណីលួចដឹកឈើខ្នាតធំៗ ត្រូវបានបិទបញ្ចប់រួចហើយ ក្រោមការដឹកនាំដោយ គណៈកម្មការមួយ ដែលមាននាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន ប៉ុន្តែលោកនៅទទួលស្គាល់ថា នៅមានការលួចកាប់កំរិតតូចៗ និងមធ្យមដែរ ចំណែកករណីឡានដឹកឈើជាង៥០តោន បាក់ស្ពាននៅខេត្តកំពតនោះ គឺដូចត្រីងៀតឆ្លៀតពងលួចកាប់។ លោករដ្ឋមន្រ្តីថ្លែងបន្តថា ចំពោះករណីរថយន្តដឹក ឈើនោះ ត្រូវបានដឹងថា ដឹកចេញពីតំបន់ឱរ៉ាល់ ខេត្តកំពង់ស្ពឺ រហូតចេញទៅដល់ខេត្តកំពតឯណោះ ហើយឥឡូវនេះកំពុងអង្កេតមើល ហើយក៏មើលមន្រ្តីខ្លួនឯងដែលឈរជើងនៅហ្នឹងកន្លែងនោះ។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបន្តលើកឡើងថា មន្រ្តីពាក់ព័ន្ធទាំងអស់ យើងនឹងត្រូវពិនិត្យមើល រួមទាំងឈើនោះដែរ តើខុសច្បាប់ ឬមានច្បាប់ ? លោករដ្ឋមន្រ្តីបានអះអាងយ៉ាងច្បាស់ថា តំបន់ឱរ៉ាល់នេះ ចំពោះដីអតីតរបស់ក្រសួងបរិស្ថាន ដែលបានផ្ទេរទៅឲ្យក្រសួងកសិកម្មនោះ គឺជាងមួយឆ្នាំហើយ មិនត្រូវបានអនុញត្តិឲ្យមានការ ឈូសឆាយដីនោះទេ ដីសម្បទានទាំងនោះ ត្រូវបានអភិវឌ្ឍន៍គ្រប់អស់ហើយ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ Fresh News នៅព្រលប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ថា នឹងតាមស្វែងរកម្ចាស់រថយន្ត និងម្ចាស់ឈើឲ្យមកសាងសង់ស្ពានឡើងវិញ។ លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា មន្ទីរសាធារណការខេត្តកំពត និងខណ្ឌរដ្ឋបាលព្រៃឈើ បាននឹងកំពុងសហការគ្នាតាមស្វែងរកម្ចាស់រថយន្ត និងម្ចាស់ឈើ តែរកមិនទាន់ឃើញនៅឡើយទេ ខណៈស្លាកលេខរថយន្ត ត្រូវបានគេដោះយកទៅបាត់ហើយ ។

លោក ស៊ុន ចាន់ថុល បានបន្ថែមថា បើរកម្ចាស់ឃើញ ក្រៅពីការឲ្យសាងសង់ស្ពានឡើងវិញហើយនោះ លោកក៏នឹងធ្វើការផាកពិន័យចំពោះការ ដឹកលើសទម្ងន់ទៅតាមច្បាប់ផងដែរ។

សូមបញ្ជាក់ថា រថយន្តយីឌុបដឹកឈើពេញមួយគ្រឿងនៅម៉ោងជាង ១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ បានបើក ឆ្លងកាត់ និងធ្វើឲ្យបាក់ស្ពានបាលេ «តារាជ» នៅចំណុចផ្លូវលេខ៤៣ (តាកែនកោះស្លា) ស្ថិតក្នុងភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត។

លោក ជួន សារ៉ា នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពត បានឲ្យដឹងថា ឈើដែលរថយន្តយីឌុបដឹកនោះ មានប្រមាណ៧០ម៉ែត្រគូប ដឹកចេញពីខេត្តកំពង់ស្ពឺ ឆ្លងចូលមកក្នុងទឹកដីខេត្តកំពត ដោយខុសច្បាប់។

សមត្ថកិច្ចដដែលបញ្ជាក់ថា កំណាត់ផ្លូវលេខ៤៣ ដែលរថយន្តដឹកឈើល្មើសខាងលើឆ្លងកាត់នោះ គេឃើញមានកម្លាំងគ្រប់សមត្ថកិច្ចជាច្រើនស្ថាប័ន ដែលឈរជើងនៅលើកំណាត់ផ្លូវនោះ ពង្រាយចាប់តាំងពីទឹកដីខេត្តកំពង់ស្ពឺ មកដល់ទឹកដី នៃខេត្តកំពត ប៉ុន្តែបែរជាមិនបង្ក្រាប ឬបង្ក្រាបមិនដែលបាន ខណៈមានរថយន្តជាច្រើនគ្រឿងកន្លងមក បានធ្វើសកម្មភាពដុះស្លែ ដឹកឈើល្មើសយ៉ាងគគ្រឹកគគ្រេង នៅលើដងផ្លូវលេខ៤៣ (កោះស្លា) មួយនេះ សំដៅនាំឆ្លងដែនចុះទៅប្រទេសវៀតណាម តាមច្រករបៀងនានាក្នុងខេត្តកំពត៕