(ភ្នំពេញ)៖ គំម្រោងខុនដូ ៨៨ Suites របស់ក្រុមហ៊ុន YCT Land បានសម្ពោធជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាពរបស់ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងមន្រ្ដីពាក់ព័ន្ធជាច្រើននាក់ទៀត ដែលប្រព្រឹត្តិទៅនៅអគារ៨៨ ផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

គម្រោងខុនដូ YCT Land ជាគម្រោងដ៏ប្រណិតប្រភេទ SOHO  ដែលអាចផ្លាស់ប្ដូរពីការរស់នៅក្នុងផ្ទះ ទៅជាការរស់នៅក្នុងខុនដូ ដែលប្រកបដោយភាពទំនើបទាន់សម័យ និងមានផាសុខភាព។ គម្រោងនេះត្រូវបាននាំមក ដោយអ្នកវិនិយោគទុន ប្រទេសម៉ាឡេស៊ី វិនិយោគទឹកប្រាក់អស់ចំនួន១៦លានដុល្លារ មានកម្ពស់២១ជាន់ ដែលទីតាំងអគារខុនដូនេះ ស្ថិតនៅតំបន់បឹងកេងកង ខាងជើងក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

គំម្រោងខុនដូនេះ និងចាប់ផ្ដើមសាងសងឡើង នៅខែមិថុនា ឆ្នាំ២០១៦ ហើយគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នំា២០១៨ខាងមុខនេះ។

លោកស្រីឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន បានសម្តែងនូវក្តីអបអរសាទរ និងកោតសសើរ យ៉ាងខ្លាំងដល់ក្រុមហ៊ុន YCT Land ដែលមានជំនឿទុកចិត្ត ចំពោះនយោបាយរាជរដ្ឋាភិបាលនៃកម្ពុជា ក្នុងការបោះទុនវិនិយោគនេះ។

លោកស្រីបន្ដទៀតថា គំរោងនេះបានចូលរួម ចំណែកអភិវឌ្ឍរាជធានីភ្នំពេញ  ផ្ដល់ចំណូលដ៏កម្មករ និងបុគ្គលិកកម្ពុជាជាច្រើន។ ការសាងសងអាគារទំនើបនៅទីនេះ ពិតជាជំរើសដ៏ត្រឹមត្រូវ ព្រោះជាតំបន់នេះ ស្ថិតនៅចំកណ្ដាលបេះដូង រាជធាណីភ្នំពេញ ដែលជាទីតាំងយុទ្ធសាស្រ្ដដ៏ល្អ។

លោកស្រីបញ្ជាក់ទៀតថា លោកស្រីមានភាពជឿជាក់ថា គម្រោងនេះនឹងទទួលបានជោគជ័យ ដោយសារតែមានការគាំទ្រ និងការនិយមចូលចិត្តពីអតិថិជន ហើយការសាងសងគំរោងនេះ ជាការបញ្ជាក់ច្បាស់ពីការរីចំរើន ផ្នែកអចលនទ្រព្យ និងសំណងនៅប្រទេសកម្ពុជាផងដែរ។

លោក តាន់ គឹមឡេង តំណាងឲ្យប្រធានក្រុមហ៊ុន YCT Land Pte Limited បានឲ្យដឹងថា ក្រុមហ៊ុន YCT Land បានចុះឈ្មោះក្រោមច្បាប់នៃកម្ពុជា នៅក្នុងឆ្នាំ២០១២ ហើយជាក្រុមហ៊ុនកើតឡើង ដោយសារការដាក់ទុនរួមគ្នា (Join Venture) រវាងត្រកូល Tan ដែលគ្រប់គ្រងក្រុមហ៊ុន Chip Hock និងត្រូកូល Chong ដែលត្រកូលទាំងពីរសុទ្ធតែមានកេរ្ដិ៍ឈ្មោះ និងបទពិសោធន៍ លើការអភិវឌ្ឍគម្រោងលំនៅដ្ឋាន ពាណិជ្ជកម្ម ក្នុងប្រទេសម៉ាឡេស៊ី អស់រយៈពេលជាង៣០ឆ្នាំហើយ។

ជាមួយគ្នានេះផងដែរ លោក តាន់ គឹមឡេង បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់ អតិថិជនទាំងអស់ ដែលគ្រាំទ្រដល់គម្រោងសាងសង់ របស់ក្រុមហ៊ុនលោក ហើយក្រុមហ៊ុនលោក នឹងធ្វើការពង្រីកការងារអភិវឌ្ឍន៍ នៅកម្ពុជាឲ្យកាន់តែទូលំទូលាយថែមទៀត៕