(ភ្នំពេញ)៖ គណបក្សសង្រ្គោះជាតិ នឹងចាប់ផ្តើមទទួលញត្តិពីប្រជាពលរដ្ឋនានាជាថ្មីម្តងទៀត នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ ស្អែកនេះ ដើម្បីរៀបចំដាក់ថ្វាយព្រះមហាក្សត្រ ជាលើកទី២ បន្ទាប់ពី​យុទ្ធការ​ថ្វាយនាពេល​កន្លងទៅមិនទាន់​ទទួលបានលទ្ធផល និងស្របពេលក្រសួងមហាផ្ទៃ កំពុងស៊ើបអង្កេតលើករណីស្នាមមេដៃលើកទី១។

ក្នុងសន្និសីទកាសែត នាល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានអះអាងថា ញត្តិទាំងនោះ គឺប្រជាពលរដ្ឋ និងអ្នកគាំទ្រផ្តិតមេដៃ ថ្វាយព្រះ​មហាក្សត្រ ដើម្បីឱ្យព្រះអង្គមានព្រះរាជអន្តរាគមន៍ បញ្ឈប់រាល់ការរំលោភសិទ្ធិមនុស្ស ការរំលោភលើតំណាងរាស្រ្តរបស់ខ្លួន សង្គមស៊ីវិល រួមទាំងមន្រ្តីគ.ជ.ប។

ជុំវិញញត្តិរបស់គណបក្សសង្គ្រោះជាតិ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចឱ្យក្រសួងមហាផ្ទៃ ស្រាវជ្រាវលើស្នាមេដៃ មួយចំនួននៅក្នុងញត្តិទាំងនោះ បន្ទាប់ពីមាន​សេចក្តី​រាយការណ៍ថា មានភាពមិនប្រក្រតីប្រមាណ៤០ភាគរយ ក្នុងការជំរុញឱ្យប្រជាពលរដ្ឋផ្តិតមេដៃ៕