(ភ្នំពេញ)៖​ ក្រុមយុវជនទំពាំងស្នងឬស្សី​ នៃសហភាពសហព័ន្ធ​យុវជនកម្ពុជារាជធានីភ្នំពេញ​ ក្រោមការណែនាំផ្ទាល់ពីលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានសហភាព​​សហព័ន្ធ​យុវជនកម្ពុជារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២​ ខែមិថុនា​ ឆ្នាំ២០១៦នេះ​ បានចូលរួមក្នុងពិធីដាំដើមឈើនៅវិទ្យាល័យ​ ហ៊ុន​ សែន​ ប៊ុន រ៉ានី​ កោះដាច់​ ស្ថិតក្នុងសង្កាត់កោះដាច់​ ខណ្ឌជ្រោយចង្វារ​។

ពិធីនេះបានធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពីលោក​ ឈួរ​ ឈុនហួរ​ ប្រធានជំនាន់ទី១​ យុវជនទំពាំងស្នងឬស្សី​ តំណាងលោក សាយ​ សំអាល​ និងមានការចូលរួមពីលោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ ជាច្រើននាក់ផងដែរ។

ក្នុងឱកាសនេះដែរ​ លោក​ ឈួរ​ ឈុនហួរ​ បានលើកឡើងថា​ ពិធីដាំកូនចំនួន១៣៦ដើមនាពេលនេះ​ ធ្វើឡើងក្នុងគោលបំណងបណ្ដុះទឹកចិត្តយុវជនជំនាន់ក្រោយ​ ឱ្យចេះ​ស្រលាញ់​បរិស្ថា​ន​ ស្រលាញ់​ធម្មជាតិ​ ស្រលាញ់ព្រៃឈើ​ ហើយត្រូវស្អប់ការកាប់បំផ្លាញ់ព្រៃឈើ​ និងចូររួមដាំដើមឈើដើម្បីបិរស្ថានទាំងអស់គ្នា។ លោកបានបន្ដថា​ «មនុស្សយើងម្នាក់ៗមិនអាចរស់មាននោះទេ​ ប្រសិន​បើគ្មាន​ធម្មជាតិ និងបរិស្ថាន»

​បន្ថែមពីនេះ​ ក្រុុមយុវជនទំពាំងស្នងឬស្សី​ ក៏បានចែករំលែកបទពិសោធន៍នៃការសិក្សាដល់​ ក្រុមសិស្សានុសិស្ស​ ដែរបានចូលរួមផងដែរ​ និងជូនពរឱ្យប្អូនថ្នាក់ទី១២​ដែលត្រូវប្រលងនាពេលខាងនេះ​ អាចបានជាប់គ្រប់ៗគ្នា។

ជាងចុងបញ្ចប់នៃកម្មវិធី​ ថ្នាក់ដឹកនាំនៃក្រុមយុវជន​ បានចែកជូនអំណោយ​ជា​ សៀវភៅ​ ប៊ិច​ ដល់ប្អូន​ និងថតរូបទៅជាអនុស្សាវរីយ៍​ ព្រមទាំងទទួលទានអាហារសាមគ្គី​ ដើម្បីបង្កើនចំណង​មិត្តភាពផង​ដែរ។

សូមបញ្ជាក់ថា​ ក្រុមយុវជនទំពាំងស្នងឬស្សី​ត្រូវបានបង្កើតឡើង​ ដោយការបោះឆ្នោតជ្រើសរើស​ ពីយុវជន​ ក្នងសង្កាត់​ ខណ្ឌ​ និងតាមមន្ទីរ​ ក្រសួង​ ដែរមានសមាជិក១៣៦នាក់។ កន្លងមកក្រុម​យុវជន​នេះ​ បានចូលរួមក្នុងការងារសង្គមជាច្រើនផងដែរ​ ហើយការងារទាំងនោះគឺកើតឡើងពីការស្ម័គ្រចិត្ត​ ដើម្បីចូលរួម​ចំនែកជាមួយរាជរដ្ឋាភិបាលកម្ពុជា​ ដែលមានសម្ដេចតេជោ​ ហ៊ុន​ សែន​ ជានាយករដ្ឋ​មន្ដ្រីនៃកម្ពុជា​ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែមានភាពរីកចម្រើន៕