(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរ បាលខណ្ឌឫស្សកែវ បានឲ្យភ្នាក់ងារ Fresh News ដឹងថា កម្លាំងនគរបាលរបស់លោក បានបង្ក្រាប និងចាប់ខ្លួនជាក់ស្តែង ជនរក្សាទុក និងជួញដូរគ្រឿងញៀនចំនួន២នាក់ រួមជាមួយថ្នាំ ញៀន១៨កញ្ចប់ផងដែរ នៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦  ស្ថិតនៅតាម ផ្លូវបេតុង ក្បែរវត្តនីរង្សី ក្រុមទី៧ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ បានបញ្ជាក់ថា នៅយប់មិញ កម្លាំងរបស់លោក ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ស្នងការ បានរៀបចំការទប់ស្កាត់បទល្មើស ដោយប្រើប្រាស់វិធានការ​ល្បាតឆែកត្រួត​ពិនិត្យ​លើមធ្យោបាយធ្វើដំណើរផ្សេងៗនិងសមាសភាពត្រូវសង្ស័យ​តាមបណ្តាផ្លូវលំឫជាតិលេខ៥ និងតាមបណ្តាភូមិនាៗ​ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ​ទាំងមូល ក៏ព្រោះតែជារដូវ​កាលព្រឹត្តការណ៍ការ​ប្រកួតបាល់ទាត់នៅទ្វីបអឺុរ៉ុប។

ប្រតិបត្តិការ ដែលសហការជាមួយ គណ:បញ្ជាការឯក​ភាពខណ្ឌឫស្សីកែវផងនោះ ទើបកម្លាំងសមត្ថកិច្ចបាន បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ និងរក្សាទុកជួញដូរ​ថ្នាំញៀន​ចំនួន២នាក់ដោយ​រកឃើញដកហូតថ្នាំញៀនចំនួន១៨កញ្ចប់ សង្ស័យជាប្រភេទម៉ាទឹកកករួម និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។

លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ បានបញ្ជាក់ទៀតថា  ជនត្រូវឃាត់ខ្លួនពាក់ព័ន្ធជួញ ដូរថ្នាំញៀនទី១ ឈ្មោះ  រស់ សារិន ហៅអាក្រិន អាយុ២៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ រី ថារ៉ូ ហៅ​អាត្រូ អា​យុ​២៦ឆ្នាំ។

លោកអធិការ ទៀង ច័ន្ទសារ បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន ជនត្រូវសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវបាន បញ្ជូនទៅឃុំខ្លួនសាកសួរបន្ថែម​នៅ​អធិការដ្ឋាននគរបាល​ខណ្ឌឫស្សីកែវ ដើម្បីរៀបចំ​កសាងសំនុំរឿង​បញ្ជូនទៅអយ្យការសាលា​​ដំបូងរាជធានី​ភ្នំពេញ​ចាត់តាមនិតិវិធី ៕