(តាកែវ)៖ ប្រជាពលរដ្ឋចំនួន២៧៣៥នាក់ នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ បានទទួលការពិនិត្យ និងព្យាបាលជំ​ងឺដោយ​ឥតគិតថ្លៃ ដែលសកម្មភាព​មនុស្សធម៌​ដ៏មានតម្លៃនេះ​ដឹកនាំដោយលោក ហ៊ុន ម៉ាណែត​ ប្រធានក្រុមប្រឹក្សាភិបាល​សមាគមគ្រូពេទ្យស្ម័គ្រ​ចិត្តយុវជនសម្តេច​តេជោ និងលោកស្រី ព្រមទាំងមានការអញ្ជើញ​​ចូលរួម​ពីសំណាក់​លោក ពេជ្រ​ សោភ័ន និងក្រុមការងារចុះ​ជួយ​ស្រុកព្រៃកប្បាស​និងអជ្ញាធរដែនដីនិង យុវជន និងផ្នែកដែលពាក់ព័​ន្ធជាច្រើនទៀត។

អភិបាលស្រុកព្រៃកប្បាសបានឱ្យដឹងថា ក្រោមការដឹកនាំរបស់ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា និងការចុះជួយពីសំណាក់ក្រុម​ការងារចុះជួយស្រុកព្រៃកប្បាស សេវាសុខភាពសាធារណៈ នៃវិស័យ​សុខា​ភិបាល និងហេដ្ឋារចនាសម្ព័ននៅក្នុងស្រុក​ បាននឹងកំពុងត្រូវអភិវឌ្ឍ​ ឱ្យមានការរីកចំរើនដើម្បីឆ្លើយតប​ និងតំរូវការរបស់ប្រជាពលរដ្ឋ តាមរយៈនៃ​ការផ្តល់សេវាសុខភាព​ធារណៈ​ជូនប្រជាពលរដ្ឋនៅ​ក្របខណ្ឌទូទាំងស្រុក។​

លោក ហ៊ុន ម៉ាណែត ​បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា ប្រមុខរាជរដ្ឋាភិបាលបាននឹងកំពុងគិត​គូពីសុខទុក្ខ និងយកចិត្តទុកដាក់ចំពោះ​ជីវភាពរស់នៅ និងសុខភាពប្រជាពលរដ្ឋ​ តាមរយៈការចុះ​ព្យាបាល​ជំងឺ​​ជូនពួក​គាត់ដោយ​ឥតគិតថ្លៃតាម​បណ្តាខេត្តផ្សេងៗ។

ជាក់ស្តែងថ្ងៃនេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត​យុវជនសម្តេចតេជោចុះពិនិត្យ​ព្យាបាល​​​ជំ​ងឺទូទៅពិនិត្យស្ត្រី​ដែល​មានផ្ទៃពោះ ពិនិត្យព្យាបាលរោគស្រ្តី និងវះកាត់ ព្យាបាលជម្ងឺមាត់ធ្មេញ ដោយឥតគិតថ្លៃជូន ប្រជាពលរដ្ឋនៅស្រុកព្រៃកប្បាស ខេត្តតាកែវ នាពេលនេះដែលជាសកម្មភាព​មនុស្សធម៌នៅលើទឹកដីខេត្តខេត្តតាកែវ។

លោក ពេជ្រ សោភ័ន ប្រធានក្រុមការងារចុះជួយស្រុកព្រៃកប្បាស បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគិតគូចំពោះជីវភាពរស់​នៅនិងសុខភាពប្រជា​ពល​រដ្ឋតាមរយៈ​ការចុះព្យាបាល​ជំងឺ​​ជូនពួកគាត់ដោយ​ឥតគិតថ្លៃនាពេលនេះក្នុង​ន័យចង់ឱ្យប្រជាពលរដ្ឋ​រស់នៅបានសុខ។

លោកបានថ្លែងអំណរគុណសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលបានចុះព្យាបាលប្រជា​ពលរដ្ឋប្រកបដោយទឹក​ចិត្តសប្បុរសធម៌ ដោយមិនគិតថ្លៃ និងមិនប្រកាន់និន្នាការ​អី្វទាំងអស់ គឺសមាគមនេះបានជួយ​ផ្តល់ស្នាមញញឹម​ថ្មីជូនប្រជាពលរដ្ឋ​ដែលជួបការលំបាក។

សកម្មភាពរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋនៅក្នុងស្រុកព្រៃកប្បាស នាថ្ងៃនេះមានដូចជា បានពិនិត្យព្យាបាលជំងឺទូ​ទៅចំនួន១៧៧១នាក់ វះកាត់តូចចំនួន១០នាក់ ព្យាបាលជំ​ងឺមាត់​ធ្មេញចំនួន១៨៤ ពិនិត្យនិង​ព្យាបាល ច្រមុះ បំពង់កចំនួន ៧២នាក់ ពិនិត្យអេកូ និងរោគស្ត្រី ៦០នាក់ ពិនិត្យអេកូ ស្ត្រីមានផ្ទៃពោះបានចំនួន ១៥៣នាក់ ព្យាបាលឬសដូងបាត និងបានបញ្ជូនព្យាបាល​បន្តចំនួន៩៧នាក់ ពិនិត្យឈាមចំនួន​៣០នាក់ សរុបចំនួន២៧៣៥នាក់។

ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលបានទទួលបានពិនិត្យ​និងព្យាបាល ក៍បានបង្ហាញអារម្មណ៍​សប្បាយរីករាយ និងបានគោរពថ្លែងអំណរគុណ​ចំពោះសកម្មភាព របស់សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្តយុវជន​សម្តេចតេជោ​ដែល​តែង​តែយ​កចិត្ត​ទុកដាក់ព្យាបាល​ប្រកបដោយទឹកចិត្ត​មនុស្សធម៌ដ៍ថ្លៃថ្លានិងប្រកប​ដោយសីលធម៌វិជ្ជាជីវៈ​ខ្ពស់​ដោយផ្តល់នូវស្នាមញញឹម​ថ្មី និងសុភមង្គលដល់ប្រជាពលរដ្ឋ។​

គួបញ្ជាក់ផងដែរថា នេះគឺជាសកម្មភាពមនុស្សធម៌លើកទី២ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលបានចុះពិនិត្យនិងព្យាបាលប្រជាពលរដ្ឋ​ដោយឥតគិតថ្លៃ  នៅក្នុងស្រុក​ព្រៃកប្បាស។ ​លើសពីនេះសមាគមក៏បានបញ្ជូនប្រជាពលរដ្ឋ ដែលមានធ្ងន់ធ្ងរមកព្យាបាលបន្តនៅភ្នំពេញ ហើយទទួលបានការវះកាត់ ដោយជោគជ័យក្រោមការឧបត្ថម្ភ​ដ៍ថ្លៃថ្លារបស់​សម្តេចតជោ ហ៊ុន សែន និងសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត។ នៅក្នុងឱកាសនោះ​ដែរ សមាគមក៏បានផ្តល់រទេះរុញ​ដល់កុមារីដែលមាន​ពិការភាពតាំងពី​កំណើតផងដែរ៕