(កំពត)៖ អភិបាលខេត្តកំពត លោក ចាន់ ចេស្តា និងស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦នេះ បានដឹកនាំមន្រ្តីជំនាញ ចុះទៅ​ពិនិត្យផ្ទាល់ទីតាំងស្ពានបាក់ នៅតាកែនកោះស្លា ស្រុកឈូក ដែលបំផ្លាញដោយរថយន្តឈើទម្ងន់ធ្ងន់ ពេលបើកឆ្លងកាត់ ដែលធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនទូទៅ ជាពិសេស​ថ្នាក់ដឹក​នាំរាជរដ្ឋាភិបាល។

លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា «ពេលចុះពិនិត្យនេះ លោកអភិបាលខេត្ត បានបញ្ជាទៅមន្ទីរសាធារណការ និងខាងរដ្ឋបាលព្រៃឈើ ត្រូវស្វែងរកឲ្យឃើញ​ម្ចាស់រថយន្តដឹក​ឈើដែល​បំផ្លាញស្ពាននេះ មកជួសជុលឡើងវិញ។ នៅចំពោះមុខនេះលោកអភិបាលខេត្ត ក៏បានបញ្ជាឲ្យមន្រ្តីជំនាញ ធ្វើការរឹបអូសឈើនៅលើរថយន្តទាំងអស់ ត្រូវយកទៅធ្វើស្ពាន​ឆ្លងកាត់ជាបណ្តោះ​អាសន្ន សម្រាប់ប្រជាពលរដ្ឋពីព្រោះ ការចំណាយពេលធ្វើស្ពានដែកឡើងវិញ មានរយ:ពេលយូរ»

នៅយប់មិញ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន បានប្រាប់ Fresh News ថា នឹងតាមស្វែងរកម្ចាស់រថយន្ត និងម្ចាស់ឈើ ឲ្យមកសាងសង់ស្ពាន​ឡើងវិញ។

លោក ស៊ុន ចាន់ថុល បានបន្ថែមថា បើរកម្ចាស់ឃើញ ក្រៅពីការឲ្យសាងសង់ស្ពាន​ឡើងវិញហើយនោះ លោក ក៏នឹងធ្វើការផាកពិន័យចំពោះការដឹកលើសទម្ងន់ទៅតាមច្បាប់ផងដែរ។

សូមបញ្ជាក់ថា រថយន្តយីឌុបដឹកឈើពេញមួយ​គ្រឿងនៅម៉ោងជាង ១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ បានបើក ឆ្លងកាត់ និងធ្វើឲ្យបាក់ស្ពានបាលេ «តារាជ» នៅចំណុចផ្លូវលេខ៤៣ (តាកែនកោះស្លា) ស្ថិតក្នុងភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត។

លោក ជួន សារ៉ា នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពត បានឲ្យដឹងថា ឈើដែលរថយន្ត​យីឌុបដឹកនោះ មានប្រមាណ ៧០ម៉ែត្រគូប ដឹកចេញពីខេត្តកំពង់ស្ពឺ ឆ្លងចូលមកក្នុងទឹកដីខេត្តកំពត ដោយខុសច្បាប់។

សមត្ថកិច្ចដដែលបញ្ជាក់ថា កំណាត់ផ្លូវលេខ៤៣ ដែលរថយន្តដឹកឈើល្មើសខាងលើឆ្លងកាត់នោះ គេឃើញមានកម្លាំងគ្រប់សមត្ថកិច្ចជាច្រើនស្ថាប័ន ដែលឈរជើងនៅលើកំណាត់ផ្លូវនោះ ពង្រាយ​ចាប់តាំងពីទឹកដីខេត្តកំពង់ស្ពឺមកដល់ទឹកដី នៃខេត្តកំពត ប៉ុន្តែបែរជាមិនបង្ក្រាប ឬបង្ក្រាបមិនដែលបាន ខណៈមានរថយន្តជាច្រើនគ្រឿងកន្លងមក បានធ្វើសកម្មភាពដុះ​ស្លែដឹកឈើល្មើសយ៉ាង​គគ្រឹកគគ្រេងនៅ​លើដងផ្លូវលេខ៤៣ (កោះស្លា) មួយនេះ សំដៅនាំឆ្លងដែនចុះទៅប្រទេសវៀតណាម តាមច្រករបៀងនានាក្នុងខេត្តកំពត៕