(ភ្នំពេញ)៖ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ នៅ​រសៀល​ថ្ងៃ​ទី​១១​ ខែ​មិថុនា​ បាន​បញ្ជូន​ជនសង្ស័យ​៣នាក់​មក​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​សាកសួរ​ករណី​ប្រើ​ឈ្មោះ​ថ្នាក់​ដឹកនាំ​ ដើម្បី​ទិញ​ដី​តម្លៃ​ជិត​១លាន​ដុល្លារ​ តែ​ធាតុ​ពិត​ជា​ដី​ខ្យល់​ ។  រហូតមកទល់​ពេល​នេះ​ ជនសង្ស័យ​ទាំង​៣នាក់​ កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់​លោក​ ហ៊ឹង​ ប៊ុន​ថន​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ។

សមត្ថកិច្ច​ បាន​ឲ្យដឹងថា​ ជនសង្ស័យ​ទាំង​៣នាក់​ឈ្មោះ​ សួន មាន ភេទប្រុស អាយុ៤៧ឆ្នាំ​ ឈ្មោះ ហង្ស សុខា  អាយុ៤៧ឆ្នាំ និងឈ្មោះ ស៊ុន សុខហេង   អាយុ៥៨ឆ្នាំ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ តាម​ដីកា​បញ្ជា​ឲ្យ​ចូល​ខ្លួន​របស់​លោក​ ហ៊ឹង​ ប៊ុន​ថន​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ។  

ប្រភព​ព័ត៌មាន​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ សួន មាន បានយកឈ្មោះថ្នាក់ដឹកនាំក្រសួងបរិស្ថាន ដើរទិញដីឲ្យអ្នកវិនិយោគបរទេស ក្នុងតម្លៃរាប់ម៉ឺនដុល្លារ តែធាតុពិតមិនមានដីនោះទេ។ ក្រៅពីនេះ  ឈ្មោះ ហង្ស សុខា ក៏បានយកឈ្មោះលោក ហ៊ុន ម៉ានី ប្រធានសហភាព​សហព័ន្ធ​យុវជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ស្ពឺ ទៅដើរទិញលក់ដីពីឈ្មោះ ស៊ុន សុខហេង  ប៉ុន្តែត្រូវបានបែកការ​ ៕