(ភ្នំពេញ)៖ នៅក្នុងវេទិកាសាធារណៈមួយ នៅស្រុកឆ្លូង ខេត្តក្រចេះ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦នេះ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនកិច្ចការសង្គម ដែលកំពុងមានប្រជាប្រិយ​ភាពក្នុងចំណោមយុវជន បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមការពារ ជនរងគ្រោះទាំងឡាយ ដែលរងនូវការចោទប្រកាន់ ការលាបពណ៌ពីអ្នកនយោបាយ។

ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពី ក្រុមអ្នកមាននិន្នាការនយោបាយប្រឆាំងមួយចំនួន បានជេរប្រមាថ និងចោទថា នាងគឺជាអ្នកលក់គំនិតឱ្យអ្នកដទៃ ហើយមានអ្នកខ្លះទៀត បានចោទនាងថា ជាកូនវៀតណាម បន្ទាប់ពីនាងបានធ្វើយុទ្ធនាការមួយ ប្រឆាំងនឹង លោក កឹម សុខា ប្រធានស្តីទីគណបក្ស សង្រ្គោះជាតិ ក្នុងរឿងអាស្រូវស្នេហាក្រៅឆាក។

កញ្ញា ធី សុវណ្ណថា បានអះអាងថា កញ្ញាបានរងនូវការបរិហារ្តិ៍កេរ្តិ៍ពី លោក កឹម សុខា ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូ ហើយពេលនេះ មានអ្នកនយោបាយមួយចំនួន​ នៅក្នុងគណបក្សសង្រ្គោះជាតិ បានចាត់ទុកកញ្ញាថា ជាគូបដិបក្ខ​ រហូតដល់មានការលាបពណ៌ផ្សេង ខណៈដែលគណបក្ស សង្រ្គោះជាតិ បានប្រកាសថា «មិនយកខ្មែរណាជាសត្រូវ»។

កញ្ញាលើកឡើងថា «បើអ្នកនយោបាយណាម្នាក់​ យកខ្ញុំធ្វើជាគូបដិបក្ខនោះ វាស្មើនឹងខុសសម្តីដែលលើកឡើងថា មិនយកខ្មែរណាជាសត្រូវ​។ ខ្ញុំសូមផ្តាំទៅអ្នកនយោបាយ នៅក្នុង​គណបក្ស​សង្រ្គោះជាតិ បើសិនជាអ្នកនយោបាយនោះ យកខ្ញុំ ក៏ដូចជាប្រជាពលរដ្ឋធ្វើជាគូបដិបក្ខ ខ្ញុំគិតថា អ្វីដែលពួកគាត់និយាយ គឺខុសនឹងឆន្ទៈ របស់ពួកគាត់ដែលតែង​តែប្រកាស​ថា “មិនយកខ្មែរណាជាសត្រូវ”»

កញ្ញា លើកឡើងថា «ដើម្បីគេចវេសថា មិនយកខ្មែរណាជាសត្រូវនេះ ពេលខ្លះឃើញខ្មែរគ្នាឯង ដើរចោទតែម្តងថាអ្នកនេះបក្ខផ្សេង អ្នកនេះយួនមិនមែនខ្មែរ អញ្ចឹងដូចទៅនឹងជំនាន់​ប៉ុលពតអញ្ចឹង ដោយសារតែដើរចោទគ្នា ដើរចង្អុលគ្នា ធ្វើឱ្យខ្មែរស្លាប់អស់រាប់លាននាក់ អាហ្នឹងហើយជាចំណុចដែលចោទ»

កញ្ញា ធី សុវណ្ណថា បានបញ្ជាក់ថា កញ្ញាមិនមែនជាសកម្មជនរបស់គណបក្សសង្រ្គោះជាតិទៀតទេ ប៉ុន្តែកញ្ញា គឺជាប្រជាពលរដ្ឋម្នាក់ដែលគាំទ្រ គោលនយោបាយរបស់គណបក្សសង្រ្គោះជាតិ ប៉ុន្តែពុំគាំទ្រចំពោះបុគ្គលដែលប្រព្រឹត្តខុសច្បាប់ និងខុសក្រមសីលធម៌នោះទេ។ ជាមួយគ្នានេះ កញ្ញា បានអំពាវនាវផងដែរ កុំឱ្យយុវជនទាំងអស់ការពារអ្នកនយោបាយដែលប្រព្រឹត្តខុស ហើយត្រូវហ៊ាននិយាយ រិះគន់ទៅលើអ្នកនយោបាយដែលប្រព្រឹត្តខុសច្បាប់ និងសីលធម៌ ។

សូមបញ្ជាក់ថា កញ្ញា ធី សុវណ្ណថា បានក្លាយជាយុវជនចេញមុខជាមួយនឹង លោក ស្រី ចំរើន ក្នុងការប្រឆាំងនឹង លោក កឹម សុខា ប្រធានស្តីទីគណបក្ស សង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹងរឿងអាស្រូវស្នេហារជាមួយកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ។ ជាមួយគ្នានេះ យុវតីដែលធ្លាប់រិះគន់រដ្ឋាភិបាលមិនសម្ចៃមាត់ ម្នាក់នេះ ក៏បានដាក់ពាក្យប្តឹង លោក កឹម សុខា ទាមទារសំណង១លានដុល្ាលរ អំពីបទបរិហារកេរ្តិ៍ផងដែរ បន្ទាប់ពីបានបែកធ្លាយសំឡេងមួយ​ដែលគេអះអាងថា ជាលោក កឹម សុខា ជាមួយកញ្ញា​ ខុម ចាន់តារ៉ាទី ដែលនិយាយវាយប្រហារមកលើរូបនាង៕