(ភ្នំពេញ)៖ នារី២នាក់ជាបងប្អូនបង្កើត បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ​ ដោយសារតែរថយន្ដកុងទីន័រ បុកម៉ូតូរបស់ពួកគេ នៅម៉ោង១៖២០នាទីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦នេះ តាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា មុនពេលកើតហេតុការណ៍រថយន្ដកុងទីន័រ ម៉ាក Fuso ពាក់ស្លាកលេខភ្នំពេញ3A-6593 បើកបរក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ បានគៀររថយន្ដ Prius មួយគ្រឿង ក្រោយមកបានរេចង្កូតទៅបុក និងកិនម៉ូតូមួយគ្រឿង ម៉ាកគុប ពាក់ស្លាកលេខភ្នំពេញ1AH-3577 បណ្ដាលឱ្យនារី២នាក់ ដែលត្រូវជាបងប្អូនបង្កើតនឹងគ្នា ស្លាប់យ៉ាងអាណោចអាធ័ម។

ជនរងគ្រោះទី១ឈ្មោះអន ពិដោរ អាយុ១៩ឆ្នាំ ស្នាក់នៅសង្កាត់រាំងសាំង ខណ្ឌពោធិ៍សែនជ័យ និងម្នាក់មិនទាន់ស្គាល់ឈ្មោះ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារសព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ដបង្ក និងម៉ូតូ ត្រូវបានយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយ នៅពេលក្រោយ។ ជាមួយគ្នានេះអ្នកបើករថយន្តកុងតឺន័រ និងព្រូរថយន្តក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនផងដែរ៕