(បាត់ដំបង)៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦នេះ លោក ឡោក ហួរ ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា (CPP) ចុះជួយស្រុក សង្កែ ខេត្តបាត់ដំបង និងជាតំណារាស្ត្រមណ្ឌលបាត់ដំបង បានប្រកាសតែងតាំង លោកឧត្តមសេនីយ៍ រុន រ័ត្នវាសនា ជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយឃុំ អូរដំបង១ បន្ថែម លើឃុំអន្លង់វិល និងឃុំរកា សុ្រកសង្កែ ខេត្តបាត់ដំបង។

បន្ទាប់ពីពិធីប្រកាសតែងតាំង លោកឧត្តមសេនីយ៍ រុន រ័ត្នវាសនា រួចមកលោកក៏បានធ្វើការប្រជុំបូកសរុបលទ្ធផល ការងារគណបក្ស ប្រជាជនកម្ពុជា ប្រចាំឆមាសទី១ និងលើកទិសដៅភារកិច្ចបន្ត ដើម្បីទទួលបានជោគជ័យ ក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់ នៅក្នុងឆ្នាំ២០១៧ ខាងមុខ ដែលមានសមាសភាពចូលរួមប្រមាណ ២៥៥នាក់ ក្នុងនោះដែរលោកក៏បានណែនាំដល់ សមាជិក សមាជិកា ក្រុមការងារណគបក្សប្រជាជនកម្ពុជា ទាំងអស់ឲ្យមានសាមគ្គីភាពផ្ទៃក្នុង ចេះជួយការងារគ្នាទៅវិញទៅមក ហើយលោកក៏បានជំរុញ ដល់ប្រធានក្រុមប្រឹក្សាឃុំ ទាំង១០ នៅក្នុងស្រុកសង្កែ ឲ្យខិតខំពង្រឹងការងារ ធ្វើអត្តសញ្ញាណបណ្ណ ដែលនៅសេសសល់ និងបន្តចុះតាម ខ្នងផ្ទះប្រជាពលរដ្ឋ ចែកមូលនិធិ របស់សម្តេចក្រឡាហោម ស ខេង ចំពោះគ្រួសារ ដែលមានសមាជិក សម្រាលកូន និងគ្រួសារដែលមាន សមាជិកស្លាប់ ឲ្យបានទាន់ពេលវេលា។

បន្ទាប់មក លោក ឡោក ហួរ ក៏បានផ្តាំផ្ញើរសួរសុខទុក ពីសំណាក់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ហើយជានិច្ចជាកាល សម្តេចនិងលោកជំទាវ តែងតែគិតគូរដល់សុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប៕