(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានបន្តជំរុញឲ្យអ្នកទទួលម៉ៅការភាស៊ី មិនត្រូវយកភាស៊ីលើសការកំណត់ ដែលមានចែងនៅក្នុង សៀវភៅបន្ទុកជាពិសេស ត្រូវលើកលែងចំពោះជនចាស់ជរា ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង ព្រមទាំងក្មួយតូចៗ ដែលលក់បន្លែបង្កា ត្រី លាស ខ្ចៅ ខ្យង...បន្តិចបន្តួច ដើម្បីចិញ្ចឹមជីវិត គឺទុកឲ្យពួកគាត់រស់នៅបានសុខស្រួលផង។
ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាស លោកអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និង ដោះស្រាយរាល់ក្តីកង្វល់ដោយផ្ទាល់ ជូនបងប្អូនអាជីវករចំនួន០៣ផ្សារ មានផ្សារភ្នំក្រវាញ ផ្សារបត់រំដួល និងផ្សារតាលោ ក្នុងស្រុកភ្នំក្រវាញ និងស្រុកបាកាននៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦។

លោក ម៉ៅ ធនិន បានឲ្យដឹងថា ការចុះមកនាពេលនេះ គឺដើម្បីត្រួតពិនិត្យការអនុវត្តយន្តការ ដែលបានដាក់ចេញកន្លងមកលើការលើក កម្ពស់ថែទាំង អនាម័យបរិស្ថាន ការរក្សាសន្តិសុខសុវត្ថិភាព ជូនបងប្អូនអាជីករ ដែលកំពុងលក់ដូរក្នុងផ្សារ ជាពិសេសសម្រួលលើការ លើកស្ទួយជីវភាព របស់ប្រជាពលរដ្ឋ សំដៅរួមចំណែកអនុវត្តគោលនយោបាយ កាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការ ដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោកបានឲ្យដឹងទៀតថា ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តលោកបានដាក់វិធានការ និងរម្លឹកដល់កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ ក្នុងការការពារសន្តិសុខ សុវត្ថិភាព ជូនអាជីវករនៅក្នុងផ្សារ ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្ត មិនត្រូវទុកឲ្យពួកគាត់រស់នៅ ក្នុងភាពរងារ និង ភ័យខ្លាចឡើយ។ ជាមួយគ្នានេះ លោកក៏បានផ្សព្វផ្សាយ និងធ្វើការណែនាំដល់បណ្តាអាជីវករ ដែលធ្វើអាជីវកម្ម ពិឃាដសត្ត មិនអនុញ្ញាតឲ្យមានការពិឃាដសត្វយកសាច់ នៅរៀងរាល់ថ្ងៃឧបោសថសីល។ បងប្អូនអាជីវករលក់ដូរក្នុងផ្សារទាំង៣ បានបង្ហាញពីការពេញចិត្ត និងសម្តែងការគាំទ្រយន្តការរបស់អភិបាលខេត្ត ដែលបានដាក់ចេញ ទាំងការងារប្រមូលភាស៊ីក៏មិនមានភាព មិនប្រក្រតី និងការងារសន្តិសុខក៏មានភាពល្អប្រសើរផងដែរ។ ក្នុងឱកាសនោះ លោកបានជូនថវិកាមួយចំនួន ដល់លោកយាយចាស់ៗ ដែលបានយកផលិតផល និងបន្លែបង្កាបន្តិចបន្តួច មកលក់ដូរក្នុងផ្សារនីមួយៗផងដែរ៕