(ឧត្តរមានជ័យ)៖ លោក​ ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បានអំពាវនាវ ឲ្យ សិស្សានុសិស្ស ជាយុវជន យុវនារី ត្រូវជៀស ឲ្យឆ្ងាយពី គ្រឿងញៀន គ្រប់ប្រភេទ និង ត្រូវចូលរួមគោរព​ច្បាប់ចរាចរណ៍​ផ្លូវគោគ ឲ្យបានគ្រប់ៗគ្នា។

ការលើកឡើងរបស់ លោក​ ស ថាវី អភិបាលខេត្តឧត្តរមានជ័យ ធ្វើឡើង ក្នុងឱកាស អញ្ជើញ ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និង ប្អូនៗ សិស្សានុសិស្ស ប្រមាណ ជិត៨០០នាក់ នៅអនុវិទ្យាលយ័ហ៊ុន សែន ទួលតាសេក ស្ថិតក្នុងភូមិទួលតាសេក ឃុំត្រពាំងប្រាសាទ ស្រុក ត្រពាំងប្រាសាទ នៅព្រឹកថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៦នេះ។

ក្នុងឱកាសនោះ លោក ស ថាវី បាន លើកឡើងពី ការរីកចំរើន លើគ្រប់វិស័យ របស់ប្រទេសជាតិ ក្រោមការដឹកនាំ របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្របពេលប្រទេសជាតិ មានការអភិវឌ្ឍន៏ រីកចំរើន រាជរដ្ឋាភិបាល ក៏ត្រូវការអ្នកចេះដឹង មករួមគ្នា កសាងប្រទេស។

លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងថា «​ប្អូនៗសិស្សានុសិស្សនេះ ហើយដែលជា ទំពាំងស្នងឫស្សី ដូច្នេះយើងត្រូវ នាំគ្នា ខិតខំរៀនសូត្រ និង ត្រូវជៀសអោយឆ្ងាយពីគ្រៀងញៀន និងល្បែងអបាយមុខផ្សេងៗ»

ជាមួយគ្នានោះដែរ លោក ស ថាវី បានឧបត្ថម្ភ លោកគ្រូ អ្នកគ្រូ ចំនូន៣៨នាក់ ក្នុងម្នាក់ថវិកា ២០០០០រៀល ក្រុមកាយារឹទ្ធ ក្នុងម្នាក់ ទទួលបាន ថវិកា ១០០០០រៀល សៀវភៅ១ក្បាល ប៊ិច១ដើម។ ចំណែក សិស្ស ៧៤៩នាក់ ក្នុងម្នាក់ថវិកា ៥០០០រៀល សៀវភៅ១ក្បាល ប៊ិច១ ដើម។ រីឯ យុវជន ក្នុងម្នាក់ថវិកា ២០០០០រៀល ជួយធ្វើរបង ឈូសឆាយតារាងបាល់ទាត់ជាដើម។

ក្រៅពីនោះ លោកអភិបាលខេត្ត បានចុះពិនិត្យ អាគារសាលាបឋមសិក្សាបាក់អន្លូង និង បានចែកថវិកា ដល់លោកគ្រូ អ្នកគ្រូ៦នាក់  ក្នុងម្នាក់ៗ ថវិកា២០០០០រៀល សិស្ស១៥០នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា៥០០០០រៀលផងដែរ៕