(ភ្នំពេញ)៖ ​អ្នកនាង ចន ច័ន្ទលក្ខិណា បានថ្លែងប្រាប់អង្គភាព Fresh News និង Khmertalking ថា អ្នកនាង​នឹងត្រៀមផ្ដល់មេធាវីការពារក្ដី ដោយឥតគិតថ្លៃ ដល់តារាចម្រៀង វ៉ាន់ នីឡា ដែលកំពុងទទួលរងគ្រោះ ដោយសារជនអនាមិកទម្លាយរូបអាក្រាត ពេញបណ្ដាញសង្គម Facebook ។

ការផ្ដល់មេធាវីដោយឥតគិតថ្លៃនេះ ធ្វើឡើងក្រោមការងារ​របស់សមាគមថ្មី មានឈ្មោះថា «សមាគម​អ្នកគាំពារសិល្បៈ​» ដែលនឹងដាក់សំណើរ ទៅកាន់ក្រសួងមហាផ្ទៃជាផ្លូវការ នៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ ។

​អ្នកនាង ចន ច័ន្ទលក្ខិណា ​បានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រ និងចេញមុខជួយរកយុត្តិធម៌ ជូនប្អូនស្រី វ៉ាន់ នីឡា ហើយយើងខ្ញុំសង្ឃឹមថា ច្បាប់នឹងផ្ដន្ទាទោស​ចំពោះជនអសីលធម៌នេះ ដែលកំពុងជាន់ពន្លិចនូវតម្លៃស្រ្តីខ្មែរ។ យើងខ្ញុំទាំងអស់គ្នាគាំទ្រឲ្យ មានយុត្តិធម៌គ្រប់ស្រ្តីរងគ្រោះ កម្ពុជាជាប្រទេសគោរពច្បាប់ !!!»។

ការប្រកាសផ្ដល់ មេធាវីឥតគិតថ្លៃ ពីសំណាក់តារាសម្ដែង ដ៏មានប្រជាប្រិយនៅកម្ពុជារូបនេះ ធ្វើឡើងបន្ទាប់ពីអ្នកសិល្បៈល្បីៗមួយចំនួន បានសម្ដែងក្ដីអាណិតអាសូរ ចំពោះតារាចម្រៀង ​វ៉ាន់ នីឡា ដែលត្រូវជនអនាមិក ទម្លាយរូបស្រាត និងទទូចសុំឲ្យអ្នកលេងបណ្ដាញសង្គមទាំងអស់ មេត្តាបញ្ឈប់ការចែកចាយរូបភាពទាំងនេះ។

សូមជំរាបថា ការបែកធ្លាយរូបអាក្រាតជាច្រើនប៉ុស្ដិ៍ និងជាបន្តបន្ទាប់បែបនេះ គឺបានកើតឡើងបន្ទាប់ពីរូបនាងផ្ទុះជម្លោះ និងចែកផ្លូវគ្នាជាមួយអតីតសង្សារ​ ដែលត្រូវបានបងប្រុស វ៉ាន់ នីឡា ប្រាប់ឲ្យដឹងថាឈ្មោះ សិទ្ធិ ស័កិ្ត ​អាយុ២៦ឆ្នាំ មាន​តួនាទី​ជា​ប៉ូលិស​ស័ក្ដិ​បួន​កន្លះ និងត្រូវជាកូនមន្រ្តីប៉ូលិសពាក់ផ្កាយ៣ ដ៏មានអំណាចមួយរូប បម្រើការងារក្នុងក្រសួង​មហាផ្ទៃ។ ចំពោះរូបអាក្រាត ដែលបានបែកធ្លាយជាបន្តបន្ទាប់នេះ ត្រូវបានម្ចាស់សាមីខ្លួន គឺកញ្ញា វ៉ាន់ នីឡា សង្ស័យថា អតីតសង្សាររបស់នាងជាអ្នកទម្លាយ ព្រោះមានតែរូបគេម្នាក់​ទេ ដែលមានរូបអាក្រាត របស់នាងនៅក្នុងដៃ ពេលពួកគេទាំងពីរ នៅល្អូកល្អឺននឹងគ្នា។

យ៉ាងណាមិញ នៅល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦នេះ លោក សុខ ជំនោរ ដែលត្រូវជាបងប្រុសបង្កើត របស់តារាចម្រៀង វ៉ាន់ នីឡា បានប្រាប់ Fresh News និង Khmertalking ឲ្យ​ដឹងថា វ៉ាន់ នីឡា បានចូលបំភ្លឺនៅក្នុងក្រសួងមហាផ្ទៃ លើបណ្ដឹងរបស់នាង តាមការកោះអញ្ជើញរបស់សមត្ថកិច្ច ហើយសមត្ថកិច្ចកំពុងតែបើកការស៊ើបអង្កេតលើ សំណុំរឿងនេះ។។

Fresh News និង Khmertalking សូមរក្សាសិទ្ធិ មិនបញ្ចេញរូបស្រាតទាំងអស់នេះឡើយ ដើម្បី​រក្សានូវកិត្តិយស សេចក្ដីថ្លៃថ្នូរ និងកេរ្តិ៍ឈ្មោះរបស់នាង ក្នុងនាមជាស្រ្តីខ្មែរ និងជាតារាចម្រៀង​ល្បីម្នាក់៕