(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុន ខណ្ឌមានជ័យ បានឃាត់ខ្លួនជនល្មោភកាមម្នាក់ នៅចំណុចក្នុងផ្ទះសំណាក់ «ណារ៉ាវី» បន្ទប់លេខ០២ ផ្លូវ​លេខ៣បេតេ ក្រុមទី០១ ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ពាក់ព័ន្ធនឹងករណីរួមភេទជាមួយក្មេងស្រីអាយុក្រោម១៥ឆ្នាំ។ ជននេះបានចាប់ខ្លូនជនល្មោភកាមរូបនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ហើយជននេះទៀតសោត ក៏មានដីកាតាមចាប់ខ្លួនពីតុលាការទៀតផង រឿងរំលោភក្មេងស្រីនេះ។

អធិការនគរបាលខណ្ឌមានជ័យ លោក តេង​ ស៊ីណូ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហួង វណ្ណៈ អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិសន្សំកុសល១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដោយឡែកជរងគ្រោះឈ្មោះ ហ.ព.វ.ម អាយុ១៣​ឆ្នាំ មុខរបរសិស្សវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ ស្នាក់នៅភូមិចំរើនផល១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ បើតាមលោកអធិការ ក្រោយការចាប់ខ្លួន កម្លាំងនគរបាលរបស់លោក បានដកហូតវត្ថុតាងរួមមាន ម៉ូតូ១គ្រឿងម៉ាកវ៉េវ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CF-4658 និងទូរស័ព្ទដៃ១គ្រឿងចាស់។

លោកអធិការ បានបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះ ហ.ព.វ.ម កំពុងរៀននៅក្នុងថ្នាក់ ពេលនោះជនសង្ស័យឈ្មោះ ហួង  វណ្ណៈ បានទូរស័ព្ទលួងលោមហៅជនរងគ្រោះ​ មកជួបគ្នា​នៅផ្ទះសំណាក់ «ណារ៉ាវី» បន្ទប់លេខ០២ (ចំណុចកើតហេតុ) ហើយជនសង្ស័យបានជិះ​ម៉ូតូ មកចាំនៅក្នុងបន្ទប់​​ ផ្ទះសំណាក់ «ណារ៉ាវី» មុនរួចជាស្រេច  ហើយជនរងគ្រោះ ក៏បានមកតាមក្រោយ រួចបានរួមភេទជាមួយ​គ្នា​​បាន​សម្រេច១លើក ខណៈនោះឪពុកម្តាយជនរងគ្រោះ បានមកឃើញទាន់ ក៏ឃាត់ខ្លួនជនសង្ស័យ​ឈ្មោះ ហួង វណ្ណៈ យកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍បឹងទំពុន ចាត់ការតាមច្បាប់តែម្តង។ នគរបាលបានឲ្យដឹងថា ជនល្មើសនេះ ធ្លាប់មានដីកាឲ្យចាប់ខ្លួនម្តងមកហើយ ពីបទរួមភេទជាមួយក្មេងស្រីមិនគ្រប់អាយុដែរ ប៉ុន្តែជនល្មើសបានគេចខ្លួន ទើបថ្ងៃកើនហេតុនេះ ត្រូវនគរបាលចាប់ជាប់៕