(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃនៅព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦នេះ បានធ្វើការបណ្ដេញជនបរទេសចំនួន ២៩នាក់ចេញពីប្រទេសកម្ពុជា រួមមាន២សញ្ជាតិ ក្នុងនោះជនជាតិវៀតណាម ចំនួន២៧នាក់ស្រី៨នាក់ និងបុរសជនជាតិឥណ្ឌា ចំនួន២នាក់។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានសើុបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ជនបរទេសទាំង២៩នាក់ខាងលើត្រូវបានឃាត់ខ្លួនពីបទ លួចឆ្លងដែន និងស្នាក់ដោយខុសច្បាប់​ (គ្មានលិខិតឆ្លងដែន និងហួសទិដ្ឋាការកំណត់)។

លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កម្លាំងនគរបាលរបស់លោក នឹងបន្តសហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ចុះស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនជនជាតិបរទេសទាំងឡាយ ដែលលួចរស់នៅ និងធ្វើការរស់នៅកម្ពុជា៕