(បន្ទាយមានជ័យ)៖ រយៈពេលប្រមាណ៣ឆ្នាំចុងក្រោយនេះ ខេត្តបន្ទាយមានជ័យ បានក្លាយទៅជាខេត្តមួយនៅទិសពាយព្យប្រទេស តែងតែរងការលិចលង់ដោយជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់មកពីតំបន់ដទៃ។ ការលិចនេះទៀតសោតមានរយៈពេលយូរ ហើយការស្រកមានសភាពយឺត។ មូលហេតុស្រកយឺតត្រូវបានបងប្អូនកសិករដាក់ការសង្ស័យថា ដោយសារការរាំងស្ទះមុខទឹក ដែលហូរធ្លាក់ទៅបឹងទន្លេសាប។

ខេត្តបន្ទាយមានជ័យ ជាខេត្តដែលកម្រមានការលិចលង់ខ្លាំងណាស់ តែរយៈពេល៣ឆ្នាំចុងក្រោយនេះ ខេត្តជាជង្រុកស្រូវមួយរបស់កម្ពុជា តែងតែជួបការលិចលង់កម្រិតធ្ងន់ជាងខេត្តដទៃ ហើយបង្កផលប៉ះពាល់ខ្លាំងដល់ដំណាំស្រូវរបស់ប្រជាកសិករផងដែរ។ នៅក្នុងឆ្នាំ២០២២នេះ ខេត្តបន្ទាយមានជ័យ ក៏បានរងការលិចលង់ខ្លាំងផងដែរ ហើយមកដល់ពេលបច្ចុប្បន្នទឹកមិនទាន់ស្រកនៅឡើយទេ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ទឹកជំនន់ឆ្នាំនេះ បានធ្វើឱ្យប៉ះពាល់ក្រុង/ស្រុកចំនួន៨ រួមមាន៖ ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកមង្គលបុរី ស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ ស្រុកអូរជ្រៅ ស្រុកថ្មពួក និងស្រុកម៉ាឡៃ។

ទឹកជំនន់នេះបង្កឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន ១៥,៥០៦គ្រួសារ ស្មើនឹងប្រមាណ ៦៥,៦៨៨នាក់, ប៉ះពាល់ស្រូវ ៣៦,០៥៩ហិកតា ដំឡូងមី ២,៨៩៩ហិកតា ដំណាំរួមផ្សំ ១២៨ហិកតា សត្វពាហនៈ ២,៨៦៧ក្បាល សាលារៀន៧៥ វត្ត៣៨ មណ្ឌលសុខភាព៧ និងផ្លូវ ៨០២កន្លែង។

លោក ហាយ សឿន អាយុ ៥៩ឆ្នាំ និង លោក ម៉ា វណ្ណា អាយុ ៦០ឆ្នាំ ជាប្រជាកសិករក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានបង្ហាញការចម្លែកចិត្តផងដែរចំពោះការលិចលង់នៅស្រុករបស់លោក។ ប្រជាកសិករទាំងពីររូប បានគូសបញ្ជាក់ថា ការលិចលង់នេះ អាចមានមូលហេតុពីរ។ មូលហេតុទី១ គឺបរិមាណទឹកភ្លៀង និងការហូរធ្លាក់មកពីតំបន់ផ្សេងៗ និងមូលហេតុទី២ បណ្តាលមកពីការរាំងស្ទះមុខទឹកសម្រាប់ហូរធ្លាក់ទៅបឹងទន្លេសាប ព្រោះតែហេដ្ឋារចនាសម្ព័ន្ធនានា។

«សព្វថ្ងៃទឹកធ្លាក់ពីថៃផង ឱ្យតែទឹកគំហុកខ្លាំងវាបុកមកយើងនេះ ហើយយើងមានហេដ្ឋារចនាសម្ព័ន្ធវាច្រើនវាចេះតែចាល់ ទឹកហូរអត់ទាន់។ វាបុកមកខ្លាំង វាស្ទះ វាហូរដែរ តែហូរមិនទាន់»។ នេះជាការលើកឡើងរបស់ប្រជាកសិករ។

លោក ហាយ សឿន និងលោក ម៉ា វណ្ណា ចង់ឱ្យមានការសិក្សាស្តារ និងរៀបចំប្រព័ន្ធបង្ហូរទឹកទៅកាន់បឹងទន្លេសាបឱ្យបានលឿន ដើម្បីរំដោះការលិចលង់រ៉ាំរ៉ៃនៅតាមភូមិឋាន និងស្រែចម្ការរបស់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ។

ក្នុងពិធីចែកស្រូវពូជជូនប្រជាកសិករក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២២នេះ លោក អ៊ុំ រាត្រី ក៏បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ជួយស្តារអូរចំនួនពីរ ដើម្បីជួយពន្លឿនការហូររំដោះទឹកនៅក្នុងខេត្តបន្ទាយមានជ័យផងដែរ។

អូរចំនួនពីរ ដែលលោកអភិបាលខេត្តស្នើសុំជួយស្តារនោះ រួមមាន៖ អូរញរ មានព្រំប្រទល់រវាងខេត្តបន្ទាយមានជ័យ និងបាត់ដំបង ប្រវែង ២៧គីឡូម៉ែត្រ និងអូររំដួលប្រវែង ២២គីឡូម៉ែត្រ ស្ថិតនៅស្រុកព្រះនេត្រព្រះ។

អ្នកជំនាញផ្នែកធនធានទឹក បានអះអាងថា ប្រសិនបើមិនមានការសិក្សាស្តារមុខទឹក ដែលហូរនាំទឹកពីខេត្តបន្ទាយមានជ័យ ទៅកាន់បឹងទន្លេសាប ឱ្យធំទូលាយ និងហូរបានលឿនទេនោះ ខេត្តបន្ទាយមានជ័យនឹងប្រឈមការលិចលង់រៀងរាល់ឆ្នាំពីបរិមាណទឹកភ្លៀង និងទឹកហូរធ្លាក់ពីតំបន់ដទៃ៕