Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះរាជអាជ្ញាចេញដីកាកោះហៅ ខុម ចាន់តារ៉ាទី ចូលបំភ្លឺថ្ងៃទី១៦ ខែមិថុនា, ស្រីមុំ និងមេធាវី នឹងចូលបំភ្លឺតាមការកោះហៅ

10-06-2016 16:57

(ភ្នំពេញ)៖ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ និងលោក គឹម វាសនា មេធាវីការពារក្តី ចូលខ្លួនមកសាកសួរនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៩៖០០នាទីព្រឹក ពាក់ព័ន្ធនឹងអំពើសញ្ចារកម្មប្តឹងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នេះបើយោងតាមដីកាកោះរបស់ព្រះរាជអាជ្ញា ដែលអង្គភាព Fresh News ទើបទទួលបានមុននេះបន្តិច នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦។

លោក គឹម វាសនា មេធាវីការពារក្តីស្រីមុំ បានថ្លែងប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចថា រូបលោក និងកូនក្តី (ខុម ចាន់តារ៉ាទី) នឹងចូលខ្លួនតាមការកោះហៅរបស់ព្រះរាជអាជ្ញានៅថ្ងៃទី១៦ ខែមិថុនាខាងមុខនេះ ហើយលោកក៏សុំបដិសេធព័ត៌មានមួយចំនួន អំពីការបាត់ខ្លួនកូនក្តីរបស់លោកដែរ។

ការចេញដីកាកោះហៅ និងការចុះហត្ថលេខាលើដីកា ពីសំណាក់ ខុម ចាន់តារ៉ាទី នេះធ្វើឡើងស្របពេលលេចលឺព័ត៌មានថា កញ្ញា ស្រីមុំ បានបាត់ដំណឹងសូន្យសឹងយ៉ាងអាថ៌កំបាំងបំផុត ហើយព័ត៌មានបណ្តាញសង្គម​មួយចំនួនបានសរសេរថា ការបាត់ដំណឹងរបស់កញ្ញា ស្រីមុំ ទំនងសត្វក្រពើស៊ីបាត់ហើយ។

សូមជំរាបថា ការចុះហត្ថលេខារបស់ស្រីមុំ នៅលើដីកានាពេលនេះ គឺបានបញ្ជាក់យ៉ាងច្បាស់ថា ស្រីមុំ មិនបានបាត់ខ្លួនដូចព័ត៌មានមួយចំនួនចេញផ្សាយនោះទេ៕