(ភ្នំពេញ)៖ លោក លី សុផានណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា នៅខណៈពេលនេះព្រះរាជអាជ្ញា បានសម្រេចចោទប្រកាន់លោក ស៊ឹង ប៊ុណ្ណា អគ្គនាយកក្រុមហ៊ុនវាយតំលៃអចលនទ្រព្យ ប៊ុណ្ណា រៀលធី ដែលជាប់ពាក់ព័ន្ធនិងករណីចេញស្អុយអត់ប្រាក់ ឲ្យទៅម្ចាស់បំណុលពីបទ «មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន» តាមមាត្រា២៣១ ច្បាប់ស្តីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តការទូទាត់សងប្រាក់ ហើយបានបញ្ជូនទៅចៅក្រមសើបសួរ ដើម្បីចាត់ការបន្ត។

សូមជំរាបថា មន្រ្តីតុលាការរាជធានីភ្នំពេញបានឲ្យដឹងថា ព្រះរាជអាជ្ញាអមតុលាការបានបញ្ជាឲ្យឃាត់ខ្លួនលោក សឹង ប៊ុណ្ណា អគ្គនាយកក្រុមហ៊ុនវាយតំលៃអចលនទ្រព្យ ប៊ុណ្ណារៀលធី ដែលជាប់ពាក់ព័ន្ធនិងករណីចេញស្អុយ អត់ប្រាក់ឲ្យទៅម្ចាស់បំណុល។

មន្រ្តីតុលាការបានបន្តឲ្យដឹងថា នៅឆ្នាំ២០១៥ លោក សឹង ប៊ុណ្ណា បានខ្ចីប្រាក់ពីលោក កែវ ហ៊ុន ចំនួន ៤០ម៉ឺនដុល្លារជាសាច់ប្រាក់សុទ្ធ។ លុះដល់ឆ្នាំ២០១៦នេះ លោក សឹង បុណ្ណា បានសងវិញតែជាសែក លុះដល់ម្ចាស់បំណុលទៅបើកប្រាក់ស្រាប់តែខាងធនាគារប្រាប់ថា សែកនោះអត់មានសាច់ប្រាក់ទេ ទើបលោក កែវ ហ៊ុន ប្ដឹងតែម្ដង។

បន្ទាប់មកលោកព្រះរាជអាជ្ញាបានបញ្ជាឲ្យចូលខ្លួន ហើយនគរបាលព្រហ្មទ័ណ្ឌ ក្រសួងមហាផ្ទៃបានឃាត់ខ្លួនលោក សឹង ប៊ុណ្ណា បញ្ជូនឡើងតុលាការនៅវេលាថ្ងៃត្រង់នេះ ហើយលោក សេង ហៀង ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក ស៊ឹង ប៊ុណ្ណា ពីបទ «មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន» តាមមាត្រា២៣១ ច្បាប់ស្តីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តការទូទាត់ សងប្រាក់ ហើយបានបញ្ជូនទៅចៅក្រមសើបសួរដើម្បីចាត់ការបន្ត៕