(សេអ៊ូល)៖ លទ្ធផលនៃការស្ទង់មតិបានចេញមកហើយ ដោយអគ្គលេខាធិការនៃអង្គការសហ ប្រជាជាតិលោក បាន គីមូន ឈរនៅលេខរៀងទីមួយ ជាបុគ្គលដែលអាចនឹងក្លាយជាប្រធានាធិបតី កូរ៉េខាងត្បូងនាអាណត្តិក្រោយ បន្ទាប់លោកបញ្ចប់តួនាទីជាអគ្គលេខាធិការយូអិនរយៈពេលមួយឆ្នាំ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០១៦។

យោងទៅលើការស្ទង់មតិ សម្រាប់យុវវ័យដែលគ្រប់អាយុបោះឆ្នោតចំនួន ១,០០២នាក់ ក្នុងរយៈពេល បីថ្ងៃ គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ២៦ភាគរយក្នុងចំណោមពួកគេ ចង់ឃើញលោក បាន គីមូន ធ្វើជាប្រធានាធិបតីកូរ៉េខាងត្បូង បន្ទាប់ពីលោកស្រី ផាក គឺនហេ ផុតអណត្តិ។ ដោយឡែក លោក Moon Jae-in អតីតមេដឹកនាំបក្សប្រឆាំង Minjoo ទទួលបាន ១៦ភាគរយ ខណៈលោក Ahn Cheol-soo ប្រធានគណបក្សជនជាតិភាគតិច ទទួលបាន១០ភាគរយ។

គួរបញ្ជាក់ថា ការចាប់អារម្មណ៍ចំពោះអនាគតលោក បាន គីមូន នេះបានកក្រើកឡើងបន្ទាប់ពី ដំណើរទស្សនកិច្ចរបស់លោករយៈពេល ៦ថ្ងៃមកកាន់កូរ៉េខាងត្បូង ដែលនាំឲ្យសាធារណមតិទាំងជាតិ និងអន្តរជាតិ សន្និដ្ឋានថាអគ្គលេខាធិការយូអិន ជិតផុតអាណត្តិរូបនេះនឹងឈរឈ្មោះដណ្តើមតំណែង ប្រធានាធិបតីកូរ៉េខាងត្បូង ដែលនឹងប្រព្រឹត្តទៅនៅខែធ្នូ ឆ្នាំ២០១៧ ជាក់ជាមិនខាន។

សម្រាប់លោក បាន គីមូន វិញនឹងផុតអាណត្តិជាអគ្គលេខាធិការនៅខែធ្នូ ចុងឆ្នាំ២០១៦នេះ ហើយគ្រប់គ្រងក៏កំពុងទន្ទឹងរង់ចាំ មើលថាតើនរណានឹងអាចឡើងកាន់តំណែងបន្តពីលោក ដែលបាន កាន់ការងារនេះអស់រយៈ ១០ឆ្នាំមកហើយផងដែរ៕