(ភ្នំពេញ)៖ មន្រ្តីតុលាការរាជធានីភ្នំពេញបានឲ្យដឹងថា ព្រះរាជអាជ្ញាអមតុលាការបានបញ្ជាឲ្យឃាត់ខ្លួនលោក សឹង ប៊ុណ្ណា អគ្គនាយកក្រុមហ៊ុនវាយតំលៃអចលនទ្រព្យ ប៊ុណ្ណា រៀលធី ដែលជាប់ពាក់ព័ន្ធនិងករណីចេញស្អុយ អត់ប្រាក់ឲ្យទៅម្ចាស់បំណុល។

មន្រ្តីតុលាការបានបន្តឲ្យដឹងថា នៅឆ្នាំ២០១៥ លោក សឹង ប៊ុណ្ណា បានខ្ចីប្រាក់ពីលោក កែវ ហ៊ុន ចំនួន ៤០ម៉ឺនដុល្លារជាសាច់ប្រាក់សុទ្ធ។ លុះដល់ឆ្នាំ២០១៦នេះ លោក សឹង បុណ្ណា បានសងវិញតែជាសែក លុះដល់ម្ចាស់បំណុលទៅបើកប្រាក់ស្រាប់តែខាងធនាគារប្រាប់ថា សែកនោះអត់មានសាច់ប្រាក់ទេ ទើបលោក កែវ ហ៊ុន ប្ដឹងតែម្ដង ។

បន្ទាប់មកលោកព្រះរាជអាជ្ញាបានបញ្ជាឲ្យចូលខ្លួន ហើយនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃបានឃាត់ខ្លួនលោក សឹង ប៊ុណ្ណា បញ្ជូនឡើងតុលាការ នៅវេលាថ្ងៃត្រង់នេះ ហើយនៅខណៈពេលនេះ (ម៉ោងប្រមាណ១៥៖០០នាទីនេះ) កំពុងសាកសួរនៅការិយាល័យព្រះរាជអាជ្ញា សេង ហ៊ាង នៅសាលាដំបូងរាជធានីភ្នំពេញ។

លោក សេង ហ៊ាង ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចថា «ខ្ញុំកំពុងរវល់ជាប់នៅក្នុងសវនាការ»

សូមជំរាបថា លោក សឹង ប៊ុណ្ណា បានបង្កើតក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប នៅរាជធានីភ្នំពេញក្នុងឆ្នាំ១៩៩៩។ លុះនៅឆ្នាំ២០១១ ធនាគារជាតិនៃកម្ពុជា បានទទួលការវាយតម្លៃផ្នែកអចនទ្រព្យកម្មសិទ្ធិរដ្ឋ​ នៅទូទាំងប្រទេស ក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប ក៏បានក្លាយជាអ្នកដេញថ្លៃ និងទទួលបានកិច្ចសន្យា វាយតម្លៃផ្នែកសុវត្ថិភាពជាផ្លូវការនាពេលនោះ។ អស់ជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប បានចាប់ដៃគូជាមួយធនាគារឈានមុខទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីរក្សាព្រមទាំងពង្រីកទំនាក់ទំនងអាជីវកម្ម ឱ្យកាន់តែប្រសើរឡើង។