(សៀមរាប)៖ ដោយមើលឃើញពីអត្ថប្រយោជន៍ដ៏ច្រើនលើសលុប ចំពោះសុខភាពមនុស្សគ្រប់គ្នាពីការ ហាត់យោហ្កា អង្គការសហប្រជាជាតិបានកំណត់ថ្ងៃទី២១ ខែមិថុនា ជាទិវាអន្តរជាតិស្តីពីយោហ្កា (International Day of Yoga) ដែលតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅតាមបណ្តាប្រទេសជាច្រើន នៅលើពិភពលោក ដើម្បីផ្សព្វផ្សាយអំពីការហាត់សមាធិទាំងផ្លូវកាយ ផ្លូវចិត្តសម្រួលចលនាសាច់ដុំ និងចង្វាក់សរសៃឈាមឱ្យរត់ស្រួលសម្រាប់សុខភាព រាងកាយរបស់យើងគ្រប់គ្នា។

ដោយឡែក នៅប្រទេសកម្ពុជា ស្ថានទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសហការជាមួយក្រសួងទេសចរណ៍ សាលាខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា រួមនឹងស្ថាប័នពាក់ព័ន្ធផ្សេងៗ គ្រោងរៀបចំទិវាអន្តរជាតិស្តីពីយោហ្កាជាលើកទី២ នៅលើទឹកដីអង្គរ ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ ក្នុងបរិវេណប្រាសាទអង្គរវត្ត។

ទាក់ទងនឹងព្រឹត្តិការណ៍ខាងលើនេះ នៅសាលាខេត្តសៀមរាប នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ បានបើកសន្និសីទសារព័ត៌មានមួយ ដើម្បីផ្សព្វផ្សាយ អំពីការរៀបចំទិវាអន្តរជាតិស្តីពីយោហ្កានេះឡើង ដោយមានវត្តមានជាអធិបតីរបស់លោក ប៊ុន ថាឫទ្ធិ អភិបាលរង តំណាងលោកអភិបាលខេត្ត លោក សុខ សង្វារ អគ្គនាយករង តំណាងលោកអគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងលោក NA VEEN SRIVASTAVA ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំប្រទេសកម្ពុជា ហើយក៏មានការចូលរួមផងដែរពី សហព័ន្ធសហភាពយុវជនខេត្ត ព្រមទាំង ស្ថាប័នពាក់ព័ន្ធជាច្រើនទៀតផងដែរ។

ក្នុងឱកាសនោះដែរ លោក ប៊ុន ថាឫទ្ធិ អភិបាលរងខេត្តសៀមរាប បានសម្តែងនូវអំណរគុណជាខ្លាំង ដល់លោកឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ដែលបានជ្រើសរើសយកខេត្តសៀមរាប ជាទីតាំងប្រារព្ធទិវាអន្តរជាតិស្តីពីយោហ្កា ឱ្យសាធារណជន និងភ្ញៀវទេសចរទាំងអស់បានចូលរួម ព្រមទាំងជ្រាបពីចំ ណេះដឹងនៃការធ្វើលំហាត់ប្រាណ សមាធិសម្រួលអារម្មណ៍ផ្លូវចិត្ត ផ្លូវកាយ លើសពីនោះបានជំរុញឱ្យការផ្សព្វផ្សាយ វិស័យទេសចរណ៍របស់កម្ពុជា ឱ្យភ្ញៀវទេសចរក្នុងលោកកាន់តែចូលមកទស្សនាកម្ពុជា កាន់តែមានចំនួនច្រើនឡើងថែមទៀត។

លោកក៏បានគាំទ្រ ជ្រោមជ្រែង និងចូលរួមបម្រើ ការពារ ធ្វើយ៉ាងណាឱ្យទិវានេះដំណើរការ ប្រកបដោយភាពរលូនផងដែរ។ បន្ថែមពីនេះ លោក សុខ សង្វារ បានលើកឡើងថា «មនុស្សយើងអាចរស់នៅបានសុខស្រួល លុះត្រាទាំងផ្លូវចិត្ត និងផ្លូវកាយល្អប្រសើរដូចគ្នា មិនអាចខ្វះមួយណាបានឡើយ ដូច្នេះយោហ្កាជាវិធីហាត់សមាធិដ៏ល្អមួយ ដែលធ្វើឱ្យមានតុល្យភាពផ្លូវចិត្តនិងផ្លូវកាយ»

លោកបានបន្ដថា តាមការស្រាវជ្រាវពីអ្នកជំនាញបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានបង្ហាញថា យោហ្កានៅតំបន់អង្គរ និងប្រាសាទអង្គរមានទំនាក់ទំនងគ្នាច្បាស់លាស់ ដូចជា រូបចម្លាក់នៅប្រាសាទបន្ទាយស្រី តាមរយៈសិលាចារិកនិយាយថានៅសតវត្សទី១០ មានព្រះរាជគ្រូបាន ដឹកនាំធ្វើយោហ្កានៅតំបន់អង្គរផងដែរ។ ជាងនេះទៅទៀត លោក សុខ សង្វារ តាងនាមឱ្យស្ថាប័នអាជ្ញាធរជាតិអប្សរា ដែលមានតួនាទីថែរក្សា ការពារ អភិរក្សតំបន់អង្គរ ក៏បានបង្ហាញពីគោលជំហរគាំទ្រទាំងស្រុង ចំពោះការរៀបចំទិវាអន្តរជាតិយោហ្កា នៅលើទឹកដីអង្គរ។

ក្នុងនោះអាជ្ញាធរជាតិអប្សរា ក៏បានចូលរួមចំណែកក្នុងការជ្រើសរើសទីតាំងឱ្យសមរម្យ ការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ផ្តល់អ្នកជំនាញថតរូបអំពីព្រឹត្តិការអន្តរជាតិនេះ ពិសេសគឺផ្តល់ទឹកស្អាតសម្រាប់អ្នកចូលរួមទាំងអស់ ពិសារដោយឥតគិតថ្លៃផងដែរ។

លោក NA VEEN SRIVASTAVA ក៏បានរំឭកដែរអំពីព្រឹត្តិការណ៍នេះ កាលពីឆ្នាំមុនដែលទទួលបានការចូលរួមយ៉ាងច្រើន ពីសាធារណជន និងការសហការល្អពីអាជ្ញាធរពាក់ព័ន្ធ។ លោកបញ្ជាក់ទៀតថា ទិវាអន្តរជាតិស្តីពីយោហ្កានឹងធ្វើឡើងជារៀងរាល់ឆ្នាំ នៅលើទឹកដីអង្គរ ដើម្បីជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងផ្តល់ចំណូលសេដ្ឋកិច្ចដល់ប្រជាជន ក្នុងខេត្តសៀមរាបផងដែរ។

លោកសង្ឃឹមថា ព្រឹត្តិការណ៍ឆ្នាំនេះនឹងទាក់ទាញសាធារណជន និងទេសចរបានកាន់តែច្រើនមកចូលរួមហាត់យោហ្កា ហើយយោហ្កានេះដែរ ត្រូវបានហាត់ធ្វើជារៀងរាល់ថ្ងៃ ដោយមិនចាំបាច់តែថ្ងៃពិសេសទេ ដើម្បីសុខភាព។ ម្យ៉ាងវិញទៀតយោហ្កា មិនមែនជំរុញឬធ្វើឱ្យមានកម្លាំងខ្លាំងទេ តែវាធ្វើឱ្យមានតុល្យភាពផ្លូវកាយនិងផ្លូវចិត្ត ពិសេសអារម្មណ៍យើងស្ងប់ល្អ ដែលមនុស្សគ្រប់គ្នា គួរតែធ្វើនិងឈ្វេងយល់ពីវា៕