(ស្វាយរៀង)៖ សាខាកាំកុងត្រូលខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦នេះ បានបន្តយុទ្ធនាការ ចុះអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពម្ហូបអាហារ ជូនសិស្សនៅវិទ្យាល័យ ហ៊ុន សែន ស្វាយជ្រុំ ដោយមានការចូលរួមពីសិស្សានុសិស្ស កម្រិតមធ្យមសិក្សា និងលោកគ្រូ អ្នកគ្រូ ព្រមទាំងគណៈគ្រប់គ្រងសាលាសរុប ជាង១០០០នាក់។ លោក ណាល់ វិចិត្រ បានលើកឡើងអំពីម្ហូបអាហារ ដែលមានសុវត្ថិភាព គុណភាព និងអនាម័យ។ លោកបានបញ្ជាក់ថា «ពាក់ព័ន្ធទៅនឹងម្ហូបអាហារ ដែលមានគ្រោះថ្នាក់ ដោយរូបបវ័ន្ត គឺគ្រោះថ្នាក់ដែលយើងមើលឃើញនឹងភ្នែក ដែលបញ្ហា​កើត​ឡើង​ដោយ​ឆ្អឹង ដោយសសៃសក់ និងបញ្ហាផ្សេងៗ ជាច្រើនទៀតដែលយើងឃើញដោយរូបភាព។ បញ្ហាម្ហូបអាហារដោយប្រើគីមី ដែលហាមឃាត់​មិនឲ្យប្រើ​ក្នុងម្ហូបអាហារនេះ ក៏ជាការគ្រោះថ្នាក់មួយដែរ»

លោកក៏បានបង្ហាញអំពីរបៀបការជ្រើសរើសម្ហូបអាហារ ដែលដាក់លក់លើទីផ្សារ ចំពោះម្ហូបអាហារណាដែលយើងចាត់ទុកថា ជាម្ហូបអាហារមានសុវត្ថិភាព និងម្ហូបអាហារណាដែលគ្មានសុវត្ថិភាព។ ចុងបញ្ចប់នៃកម្មវិធីក៏មានការសាសួរ និងឆ្លើយនូវសំណួរពាក់ព័ន្ធទៅនឹង ម្ហូបអាហារជាច្រើនផងដែរ៕