(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌសែនសុខ បានបើកប្រតិបត្តិការបំបែកសំបុក ក្រុមជនល្មើសរួមមាន ប្លន់ លួច គាស់ផ្ទះ និងគ្រឿងញៀន ប្រុសស្រី៦នាក់ ដែលប្រព្រឹត្តបទល្មើស៥ករណីកន្លងមក ដែលបានធ្វើសកម្មភាព យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ហើយនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦នេះ បានបញ្ជូនទៅតុលាការ ខណៈដែលបក្ខពួកផ្សេងទៀតកំពុងតែរត់គេចខ្លូន។

លោកវរសេនីយឯក ម៉ក់ ហុង អធិការនគបាលខណ្ឌសែនសុខ បានឱ្យដឹងថា «នៅថ្ងៃនេះ កម្លាំងនគរបាលយើង បានបញ្ជូនជនសង្ស័យប្រុសស្រី៦នាក់ ដែលបានប្រព្រឹត្តបទល្មើសយ៉ាងហោចណាស់៥ករណី ទៅតុលាការបន្ទាប់ពី ធ្វើការបង្ក្រាបបាននាពេលកន្លងមក ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ»

លោកអធិការបានបន្ដទៀតថា ក្រុមជនសង្ស័យ៦នាក់នេះ មានរចនាសម្ព័ន្ធច្បាស់លាស់ណាស់ ហើយតែងតែធ្វើសកម្មភាពយ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ ដូចជា ចែកចាយគ្រឿងញៀន ទទួលផលចោរកម្ម គាស់ផ្ទះ និងឆក់ ប្លន់ជាដើម។ លោកបានបន្ថែមថា ក្រោយពីបង្ក្រាបបាន កម្លាំងសមត្ថកិច្ចបានធ្វើការដកហូតបានម៉ូតូ១៧គ្រឿង ដែលក្រុមជនសង្ស័យផ្សេងទៀតបានយកទៅបញ្ចាំ ដូច្នេះហើយលោកបានអំពាវនាវដល់សាធារណៈជន ដែលបានបាត់សូមទៅពិនិត្យមើលនៅអធិការដ្ឋានខណ្ឌសែនសុខ។ ក្នុងនោះដែរ លោកអធិការខណ្ឌសែនសុន ក៏បានឧបត្ថម្ភដល់កងកម្លាំងនូវ ថវិកាសរុប៧០ម៉ឺនរៀល ផងដែរ៕