អូស្ត្រាលី៖ តាមពិតបញ្ហាប្រែប្រួលអាកាសធាតុលើផែនដី បានកើតឡើង ២,០០០ឆ្នាំមកហើយ
10-06-2016 13:15
(អូស្ត្រាលី)៖ ក្រុមអ្នកស្រាវជ្រាវមកពីសកលវិទ្យាជាតិអូស្ត្រាលី (ANU) ក្នុងរដ្ឋធានីកង់បេរ៉ា បាន និយាយថា ការប្រែប្រែអាកាសធាតុនៅលើផែនដីយើងនេះ បានលេចឡើងរយៈពេល ២,០០០ឆ្នាំ មកហើយ ដោយមូលហេតុចម្បងនោះ វាទំនងជាបានបណ្តាលមកពី ចលនាប្រែប្រួលខុសប្រក្រតី នៃចរន្តខ្យល់របស់មហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០១៦។
ក្រុមស្រាវជ្រាវខាងលើនេះ ក៏បានរកឃើញផងដែរថា បាតុភូត El Nino និង La Nina គឺជាបាតុភូត ធម្មជាតិដែលទទួលខុសត្រូវ ចំពោះការប្រែប្រែប្រួលចរន្តខ្យល់បក់ នៃមហាសមុទ្រប៉ាស៊ីហ្វិកដែលនាំ ឲ្យមានការប្រែប្រួលអាកាសធាតុជាសកល (Global Warming) និង ភាពរាំងស្ងួតដែលបានកើតឡើង ក្នុងរយៈពេលរាប់ពាន់ឆ្នាំចុងក្រោយនេះ។ អ្នកវិទ្យាសាស្ត្រ បានបង្ហាញក្តីរំភើបណាស់ ដែលបានរក ឃើញថា មហាសមុទ្រប៉ាស៊ីហ្វិក ជាមូលហេតុចម្បងនាំឲ្យអាកាសធាតុលើផែនដីទាំងមូលប្រែប្រួល។
គួរបញ្ជាក់ថា គំនិតដែលលេចឡើងថ្មីនេះ ក៏ត្រូវបានចុះផ្សាយនៅក្នុងសារព័ត៌មានវិទ្យាសាស្ត្រ របស់អង់គ្លេសផងដែរ ដោយត្រូវបានគេដាក់ចំណងជើងថា «ទំនាក់ទំនងនានា នៃធម្មជាតិ»។ ប្រការនេះ នឹងអាចនាំឲ្យក្រុមអ្នកវិទ្យាសាស្ត្រធ្វើការសិក្សារយៈយូរទៅថ្ងៃអនាគត អំពីទម្រង់នៃការ ប្រែប្រួលអាកាសធាតុនៅលើភពផែនដីយើងនេះ។ យ៉ាងណាក៏ដោយ ការសិក្សាតំណាក់កាលទីមួយ ស្តីពីបំរែបំរួលអាកាសធាតុ ត្រូវតែងាកទៅរកពេលរាប់រយឆ្នាំចុងក្រោយជាមុនសិន៕