(ភ្នំពេញ)៖ រូបភាពអាក្រាតកាយជាច្រើនប៉ុស្តិ៍របស់តារាចម្រៀង ប្រចាំក្នុងផលិតកម្ម ភ្លេងរីខដ កញ្ញា វ៉ាន់ នីឡា ត្រូវបានគេសង្កេត​ឃើញថា នៅតែបន្តបែកធ្លាយជាច្រើនបន្ថែមទៀត ធ្វើឲ្យកក្រើកពេញបណ្ដាញសង្គម Facebook ខណៈដែលរូបអាក្រាតទាំងនោះ ត្រូវបាននាងថតក្នុងបន្ទប់ទឹក និងនៅលើគ្រែគេង។

នៅថ្ងៃនេះ អ្នកនិយមលេងបណ្ដាញសង្គម Facebook បានសម្ដែងការភ្ញាក់ផ្អើល បន្ទាប់ពី​ពួកគេបានប្រទះឃើញ​រូបភាព​ស្រាត របស់ កញ្ញា វ៉ាន់ នីឡា កាន់តែច្រើនត្រូវបាន​បែកធ្លាយជាបន្តបន្ទាប់ ខណៈដែលសាមីខ្លួន គឺកញ្ញា វ៉ាន់ នីឡា ក៏បានដាក់ពាក្យប្ដឹង​ទៅកាន់សមត្ថកិច្ច ក្រសួងមហាផ្ទៃ ដើម្បីជួយអន្តរាគមន៍ទប់ស្កាត់ និងវែកមុខរកអ្នកទម្លាយរូបទាំងនេះ​ មកផ្តន្ទាទោសតាមច្បាប់។

ការបែកធ្លាយរូបអាក្រាត ជាបន្តបន្ទាប់បែបនេះ គឺបានកើតឡើងបន្ទាប់ពីរូបនាងផ្ទុះជម្លោះ និងចែកផ្លូវគ្នាជាមួយអតីតសង្សារ​ ដែលត្រូវបានបងប្រុស វ៉ាន់ នីឡា ប្រាប់ឲ្យដឹងថាឈ្មោះ សិទ្ធិ ស័កិ្ត ​អាយុ២៦ឆ្នាំ មាន​តួនាទី​ជា​ប៉ូលិស​ស័ក្ដិ​បួន​កន្លះ និងត្រូវជាកូនមន្រ្តីប៉ូលិសពាក់ផ្កាយ៣ ដ៏មានអំណាចមួយរូប បម្រើការងារក្នុងក្រសួងមហាផ្ទៃ។ ចំពោះរូបអាក្រាត ដែលបានបែកធ្លាយជាបន្តបន្ទាប់នេះត្រូវបានម្ចាស់សាមីខ្លួន គឺកញ្ញា វ៉ាន់ នីឡា សង្ស័យថា អតីតសង្សាររបស់នាងជាអ្នកទម្លាយ ព្រោះមានតែរូបគេម្នាក់​ទេ ដែលមានរូបអាក្រាត របស់នាងនៅក្នុងដៃ ពេលពួកគេទាំងពីរ នៅល្អូកល្អឺននឹងគ្នា។

យ៉ាងណាមិញ នៅល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦នេះ លោក សុខ ជំនោរ ដែលត្រូវជាបងប្រុសបង្កើត របស់តារាចម្រៀង វ៉ាន់ នីឡា បានប្រាប់ Fresh News និង Khmertalking ឲ្យ​ដឹងថា វ៉ាន់ នីឡា បានចូលបំភ្លឺនៅក្នុងក្រសួងមហាផ្ទៃ លើបណ្ដឹងរបស់នាង តាមការកោះអញ្ជើញរបស់សមត្ថកិច្ច ហើយសមត្ថកិច្ចកំពុងតែបើកការស៊ើបអង្កេតលើ សំណុំរឿងនេះ។

​ជាមួយគ្នានេះ ជាថ្មីម្ដងទៀត តារាចម្រៀងក្មេងវ័យ កញ្ញា វ៉ាន់ នីឡា បានទទូចនិងស្នើដល់មហាជន ជាពិសេសអ្នកចូលចិត្តលេងបណ្ដាញសង្គម Facebook ថា សូមមេត្តាកុំបន្តចែកចាយ រូបភាពអាក្រាតកាយ របស់នាង​បន្ថែមទៀតអី ត្បិតនេះអាចធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់នាងយ៉ាងធ្ងន់ធ្ងរ។ ​វ៉ាន់ នីឡា បានទទួលស្គាល់កំហុសថា នាងបានធ្វើអ្វីមួយដែលភ្លើតភ្លើន ជាមួយសង្សាររហូតភ្លេចគិតថា នឹងមានអ្វីកើតឡើងនៅពេលខាងមុខ។ វ៉ាន់ នីឡា ក៏សូមការអធ្យាស្រ័យពីសំណាក់មហាជន ចំពោះរូបនាង ដែលបានប្រព្រឹត្តិកំហុសឆ្គងកន្លងមក។

Fresh News និង Khmertalking សូមរក្សាសិទ្ធិមិនបញ្ចេញរូបស្រាតទាំងអស់នេះឡើយ ដើម្បី​រក្សានូវកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់នាងក្នុងនាមជាស្រ្តីខ្មែរ និងជាតារាចម្រៀងល្បីម្នាក់៕​