Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រថយន្តកុងតឺន័រ បត់មិនប្រយ័ត្ន ជ្រុលទៅបុកបង្គោលភ្លើង បាក់អស់១ដើម

10-06-2016 12:08

(ភ្នំពេញ)៖ យុវជនម្នាក់បើករថយន្តកុងតឺន័រក្បាលពណ៌ស តាមបណ្ដោយផ្លូវម៉ុងឬទ្ធី ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតរង្វង់មូលកាំកូស៊ីធី បានបត់ស្ដាំតាមផ្លូវ៥៩៨មិនប្រយ័ត្ន ក៏ជ្រុលទៅបុកបង្គោលភ្លើងបាក់អស់១ដើម និងខ្សែភ្លើងធ្លាក់រប៉ាត់រប៉ាយដល់ដីពេញផ្លូវ នៅយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនម្នាក់បើករថយន្តកុងតឺន័រ ដឹកឥវ៉ាន់ឲ្យរោងចក្រ PPS ស្រាប់តែដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកបង្គោលភ្លើងបាក់អស់មួយដើម បណ្ដាលឲ្យធ្លាក់ខ្សែភ្លើង ដល់ដីរាយប៉ាយពេញផ្លូវ ចំណែកតៃកុងរថយន្តបានបើកទ្វារគេចខ្លួន បាត់បន្សល់ទុករថយន្តចោល នៅកន្លែងកើតហេតុតែម្ដង។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន មកដល់បានទាក់ទងហៅជំនាយ មកធ្វើការវាស់វែងយករថយន្តបង្ក ទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួន មកដោះស្រាយទៅតាមផ្លូវច្បាប់៕