(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បានដាក់គោលដៅ យាមល្បាតសហការនិងកម្លាំងនគរបាលមូលដ្ឋានប៉ុស្ដិ៍ជ្រោយចង្វារ សម្រេចឃាត់ខ្លួនជនត្រូវ​សង្ស័យរក្សាទុកនិងប្រើប្រាស់​នូវសារ​ធាតុញៀនចំនួន៥នាក់ ដោយរកឃើញដកហូតវត្ថុតាង សង្ស័យជាម៉ាទឹកកកចំនួន២កញ្ចប់ និងម៉ូតូចំនួន២គ្រឿង កាលពីវេលាម៉ោង១១និង៤០នាទីយប់ល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុច​តាមបណ្ដោយផ្លូវជាតិលេខ៦អា ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

លោក ឯក សេរីវុធ អធិការរងទទួលផែនយុត្តិធម៌ ខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា ក្នុងកិច្ចសហប្រតិបត្តិការ​បង្ក្រាបនេះដែរ ត្រូវបានអនុវត្តន៍ធ្វើឡើងបន្ទាប់ពី កម្លាំងនគរបាលប៉ុស្ដិ៍មូលដ្ឋានជ្រោយចង្វារ សហការនិងកម្លាំងនគរបាលខណ្ឌ ធ្វើការយាមល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន តាមបណ្ដោយផ្លូវជាតិ​លេខ៦អា ទើបបានប្រទះឃើញជនត្រូវសង្ស័យ មានបក្ខពួក៥នាក់ ជិះបើកម៉ូតូ២គ្រឿងដោយកម្លាំង​សមត្ថកិច្ចមានការសង្ស័យទើបធ្វើការឃាត់ និងឆែកឆេរកឃើញដក​ហូតថ្នាំញៀនចំនួន២កញ្ចប់សង្ស័យជាប្រភេទ​ម៉ាទឹកកករួមទាំងដកហូត​មធ្យោបាយធ្វើដំណើររបស់ជន​ទាំងនោះមានម៉ូតូ​ចំនួន២គ្រឿងផងដែរ។

លោក ឯក សេរីវុធ អធិការរងនគរបាលខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា ជនត្រូវឃាត់ខ្លួន៖ទី១-ឈ្មោះ សំ រុំ អាយុ២៣ឆ្នាំ ស្នាក់នៅភូមិទួលអំពិល ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ទី២-ឈ្មោះ ងឿន វណ្ណី អាយុ១៨ឆ្នាំ ស្នាក់នៅភូមិតំណាក់ត្រាច ឃុំតំណាក់ត្រាច ស្រុកបសេដ្ឋ ខេត្តកំពងស្ពឺ ទី៣-សឿង បូណា អាយុ២១ឆ្នាំ ទី៤-ឈ្មោះ សៅ រតនៈ អាយុ២០ឆ្នាំ ជន សង្ស័យទាំង២នាក់ស្នាក់​នៅភូមិកំពង់​ចម្លង ឃុំកំពង់ចម្លង និងទី៥-ឈ្មោះ ឡេង សុភាព អាយុ៤៩ឆ្នាំ ស្នាក់នៅភូមិ២ ក្រុងកំពត ខេត្តកំពត។

បច្ចប្បន្ន ជនត្រូវជាប់សង្ស័យទាំង៥នាក់ រួមជាមួយវត្ថុតាង បាននិងកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ ដើម្បីស្រាវជ្រាវបន្តចាត់ការ​តាមនីតិវិធីរបស់​អយ្យការ​សាលាដំបូង​រាជធានីភ្នំពេញ៕