(ភ្នំពេញ)៖ លោកវរសេនីយ៍ត្រី ចាន់ ពៅ អធិការរងទទួលផែនសេនាធិការ ខណ្ឌឫស្សីកែវបានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួន និងចាប់វាយខ្នោះជនត្រូវជាប់សង្ស័យជាចោរម្នាក់ ដែលបានធ្វើសកម្មភាពចូលទៅលួចកាបូបលុយរបស់ជនរងគ្រោះ ដែលកំពុងឈរលក់ដូរក្នុងផ្ទះ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុមទី១២ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

លោក ចាន់ ពៅ បានបញ្ជាក់ថា ជនត្រូវឃាត់ខ្លួនឈ្មោះ សាយ កា ភេទស្រី អាយុ២៤ឆ្នាំ មានមុខរបរ និងស្នាក់នៅមិនពិតប្រាកដ។ រីឯជនរងគ្រោះ ឈ្មោះ បេ ឧត្ដម ភេទស្រី អាយុ៤៧ឆ្នាំ មានមុខរបរលក់ដូរ ស្នាក់នៅចំណុចកើហេតុខាងលើ។

លោក ចាន់ ពៅ បានបន្តថា តាមការរៀបរាប់ឲ្យដឹងពីស្ត្រីរងគ្រោះ ជាម្ចាស់បណ្ដឹង និងចម្លើយសារភាពរបស់ស្ត្រីត្រូវសង្ស័យ នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងឈរលក់ដូរដូច រាល់ដងដោយទុកកាបូបលុយក្បែរខ្លួន ខណៈនោះស្រាប់តែ លេចមុខជនសង្ស័យមកបន្លំទិញសម្ភារហើយធ្វើសកម្មភាពលួចកាបូបលុយ ត្រៀមរត់គេចខ្លួន តែរត់មិនរួចត្រូវជនរង គ្រោះឃើញទាន់ស្រែកផ្អើលឆោរឡោដល់ប្រជាពលរដ្ឋ និងកម្លាំងនគរបាលមូលដ្ឋាន ដែលឈរជើងក្បែរទីតាំងកើតហេតុ បានមកជួយអន្តរាគមន៍ឃាត់ខ្លួនស្ត្រី ជាជនសង្ស័យភ្លាមៗតែម្ដងដោយបានរកឃើញ ដកហូតវត្ថុតាងដូចជា ថវិកាចំនួន៥០០០០រៀល (ប្រាំម៉ឺនរៀល) និងទូរស័ព្វដៃចំនួន១គ្រឿង ម៉ាកSAMSUNG ពណ៌សផងដែរ។

លោក ចាន់ ពៅ បានបន្តទៀតថា ក្រោយឃាត់ខ្លួនស្ត្រីជាជន សង្ស័យសាកសួរស្រាវជ្រាវ ប៉ុន្មានម៉ោងក្រោយ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានប្រគល់ទាំងថវិកា និងទូរស័ព្ទដៃ១គ្រឿង ឲ្យទៅជនរងគ្រោះវិញផងដែរ ។ដោយឡែក ស្ត្រីត្រូវជាប់សង្ស័យ បច្ចុប្បន្ន កំពុងបន្តឃុំខ្លួនបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីចាត់ការតាម និតិវិច្បាប់៕