(អាមេរិក)៖ លោកឧត្តមនាវីឯក Robert Gilbeau នៃកងទ័ពជើងទឹកអាមេរិកបានសារភាពថាលោក ពិតជាធ្លាប់ភូទកុហក់អំពីទំនាក់ទំនងពិតជាមួយនឹង ក្រុមហ៊ុនរ៉ាប់រងលើវិស័យការពារជាតិ ដែលមាន មូលដ្ឋាននៅសិង្ហបុរីប្រាកដមែន បន្ទាប់ពីមានការចោទប្រកាន់ពីអំពើពុករលួយដ៏ខ្លាំងក្លា លើមន្ត្រី យោធាជើងទឹកកំពូលៗមួយចំនួនរបស់អាមេរិក។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយ Channel News Asia នាព្រឹកថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០១៦។

លោក Robert Gilbeau ជាមន្ត្រីយោធាជើងទឹកកំពូលរបស់អាមេរិក បាននិងកំពុងទទួលការស៊ើប អង្កេតលើករណីចោទប្រកាន់ខាងលើនេះ បានចេញមុខសារភាពកំហុសចំពោះតុលាការសហព័ន្ធ ក្នុងទីក្រុង San Diego ថាលោកពិតជាធ្លាប់បានកុហក់អ្នកស៊ើបអង្កេតនានាថាលោក មិនបាន ទទួលលាភសក្ការៈពីក្រុមហ៊ុន Leonard Francis ដែលជាម្ចាស់នៃក្រុមហ៊ុន Glenn Defense Marine Asia (GDMA) មានមូលដ្ឋាននៅប្រទេសសិង្ហបុរីនោះប្រាកមែន។

គួរបញ្ជាក់ថា បណ្តាឆ្នាំកន្លងមកនេះ ក៏ធ្លាប់មានមន្ត្រីយោធាជើងទឹកកំពូលៗរបស់អាមេរិក ទទួលរង ការចោទប្រកាន់លើបទឧក្រិដ្ឋស្រដៀងៗគ្នានេះដែរ។ សម្រាប់ការសារភាពបែបនេះលោក Robert Gilbeau នឹងទទួលបានការបន្ធូរបន្ថយទោសពីតុលាការសហព័ន្ធ ស្របពេលដែលលោកមានវ័យ ៥៥ឆ្នាំ ប៉ុន្តែបានលួចលាក់ចែករំលែកផលប្រយោជន៍ខុសច្បាប់ជាមួយក្រុមហ៊ុន Francis ដែលរកស៊ី លើវិស័យការពាររបស់យោធានោះ៕