(ភ្នំពេញ)៖ ថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦នេះ លោក​ គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមឆ្លើយតបនឹងការលើកឡើងរបស់លោក សុន ឆ័យ តំណាងរាស្រ្ត CNRP តាមរយៈវិទ្យុអាស៊ីសេរី ដែលបានចោទប្រកាន់ថា លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីយុត្តិធម៌ ផ្គើននឹងរដ្ឋសភា ដោយនៅតែទៅឆ្លើយនៅរដ្ឋសភានៅថ្ងៃម្សិលមិញ។

ការលើកឡើងនេះ ត្រូវបាន​លោក គឹម សន្តិភាព ​បញ្ជាក់យ៉ាងដូច្នេះថា «ជាការអាម៉ាស់មួយដែលតំណាងរាស្ត្រ សុន ឆ័យ ប្រើប្រាស់សម្តីដោយគ្មានមូលដ្ឋាន ! ការលើកឡើងរបស់ឯ.ឧ សុន ឆ័យ ដែលបានចោទទាំងបិតភ្នែកថា រដ្ឋមន្ត្រីយុត្តិធម៌ផ្គើននឹងរដ្ឋសភា ដោយនៅតែទៅឆ្លើយនៅរដ្ឋសភាកាលពីថ្ងៃ៩ ខែមិថុនា ឆ្នាំ២០១៦! ខ្ញុំសូមបញ្ជាក់ជូនឯ.ឧ សុន ឆ័យ ជ្រាបថា៖ កាលដែលឯ.ឧរដ្ឋមន្ត្រីអញ្ជើញទៅឆ្លើយផ្ទាល់មាត់ជូនរដ្ឋសភាកាលពីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ នោះ គឺតាមការអញ្ជើញរបស់រដ្ឋសភា យោងតាមសេចក្តីសម្រេចរបស់ អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦!»

អ្នកនាំពាក្យរូបនោះបានបញ្ជាក់ទៀតថា «ការឆ្លើយផ្ទាល់មាត់តបតាមការអញ្ជើញពីរដ្ឋសភាបែបនេះ ជាការបង្ហាញឲ្យឃើញច្បាស់ពីភាពទទួលខុសត្រូវ របស់រដ្ឋមន្ត្រីយុត្តិធម៌ចំពោះមុខអង្គសភា ដែលស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា! តើស្មារតីទទួលខុសត្រូវបែបនេះ ជាសកម្មភាពផ្គើននឹងរដ្ឋសភា ? ខ្ញុំសូមសម្តែងការហួសចិត្ត ដែលលឺសម្តីគ្មានមូលដ្ឋាន ចេញពីមាត់អ្នកតំណាងរាស្ត្ររូបនេះ!»

សូមជំរាបថា កាលពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា បានដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌ចំនួន៩នាក់ផ្សេងទៀត ចូលទៅបំភ្លឺជូនរដ្ឋសភា អំពីការអនុវត្តច្បាប់នៅកម្ពុជា, ប៉ុន្តែលោករដ្ឋមន្រ្តី បានសម្តែងការហួសចិត្តនឹងគណបក្សសង្គ្រោះជាតិ ដែលមិនគោរពខ្លួនឯង និងរដ្ឋសភាទាំងមូល ព្រោះគណបក្សនេះបានដាក់សំណួរឲ្យរូបលោកឆ្លើយ ប៉ុន្តែបែរជាគណបក្សសង្គ្រោះជាតិខ្លួនឯង មិនចូលរួមកិច្ចប្រជុំនេះទៅវិញ។
រដ្ឋសភាកម្ពុជា បានបញ្ចប់កិច្ចប្រជុំពេញអង្គរបស់ខ្លួន ក្រោមអធិបតីភាព សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា នៅម៉ោងប្រមាណ ៩៖១៥នាទីព្រឹកថ្ងៃដដែលនេះ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះក្រុមតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ តាមរយៈសម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានស្នើឱ្យលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចូលបំភ្លឺផ្ទាល់មាត់នៅរដ្ឋសភា ជុំវិញបញ្ហាមួយចំនួន ក្នុងការអនុវត្តការងារ។ ការស្នើឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចូលបំភ្លឺនៅសភានេះ បានធ្វើឡើងស្របពេលដែល មានការកោះហៅតំណាងរាស្រ្ត និងការចាប់ខ្លួនសមាជិកគណបក្សប្រឆាំង៕