(ពោធិ៍សាត់)៖ ក្នុងនាមជាមេគ្រួសារគ្រូពេទ្យ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា កុំយកតួនាទីខ្លួនទៅធ្វើអាជីវកម្ម កុំមានបក្ខពួក គ្រួសារនិយម ដែលនាំឲ្យប៉ះពាល់ដល់មន្ត្រីក្រោមឱវាទ ត្រូវគ្រប់គ្រងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ មានឧត្តមគតិក្នុងការទទួលខុសត្រូវ ដូចអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺធ្វើយ៉ាងណាឲ្យបាន ឲ្យលឿន និងមានតម្លាភាព ពិសេសផ្តោតទៅលើការផ្តល់សេវាសុខាភិបាលទូទាំងស្រុក ក៏ដូចជាទូទាំងខេត្តឲ្យទាន់ពេលវេលា។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាស លោកអញ្ជើញចុះសួរសុខទុក្ខ និង ជួបសំណេះសំណាលជាមួយ បុគ្គលិកសុខាភិបាល ទូទាំងស្រុកបាកានសរុបប្រមាណ ១៥២នាក់ កាលពីរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ នៅការិយាល័យស្រុកប្រតិបត្តិបាកាន ស្ថិតក្នុងឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោកវេជ្ជបណ្ឌិត កែវ សាងផលបុណ្យ ប្រធានការិយាល័យស្រុកប្រតិបត្តិបាកាន បានជម្រាបជូនអំពីស្ថានភាពទូទៅ វិស័យសុខាភិបាល របស់ការិយាល័យស្រុកប្រតិបត្តិបាកាន មានរចនាសម្ព័ន្ធគ្របដណ្តប់ លើការិយាល័យស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែកបាកាន ជាមន្ទីរពេទ្យកំរិតទី១ និង មណ្ឌលសុខភាព ចំនួន១១, មានបុគ្គលិក សរុបចំនួន ១៥២នាក់ ស្រី ៧១នាក់ ក្នុងនោះបុគ្គលិកកិច្ចសន្យា ចំនួន ៣៧នាក់ និង មានបុគ្គលិក ៥នាក់ គ្រូពេទ្យម្នាក់ កំពុងបន្តការសិក្សារយៈពេលវែង និង មធ្យម។

ជាមួយគ្នានេះ ក៏នៅមានបញ្ហាប្រឈមមួយចំនួនដូចជា ៖ អគារមន្ទីរពេទ្យចាស់ទ្រុឌទ្រោម, ខ្វះបន្ទប់វះកាត់, ខ្វះគ្រូពេទ្យ និងបុគ្គលិកជំនាញ, ខ្វះបន្ទប់ថតកាំរស្មីអ៊ិច និងខ្វះឡដុតសំរាមជាដើម។

លោក ម៉ៅ ធនិន បានថ្លែងនូវការកោតសរសើរដល់ លោក លោកស្រី ដែលជាបុគ្គលិកសុខាភិបាលទូទាំងស្រុកបាកាន ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច ផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ក្រមសីលធម៌ និង ភាពទទួលខុសត្រូវខ្ពស់។

ជាការពិតណាស់ចំណេះដឹងរបស់ លោក លោកស្រី គឺនៅមានកម្រិត ក៏ប៉ុន្តែលោក លោកស្រី ត្រូវខិខំបង្កើននូវចំណេះដឹង និងចំណេះធ្វើរបស់ខ្លួនបន្ថែមទៀត តាមរយៈការបណ្តុះបណ្តាលជាដើម។

លោកបានលើកឡើងទៀតថា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យសង្គមជាតិយើងទទួលបានសុខសន្តិភាព ស្ថេរភាពលើផ្ទៃប្រទេស និង ការអភិវឌ្ឍន៍លើគ្រប់វិស័យ កាត់បន្ថយភាពក្រីក្របានជាបណ្តើរៗ។

ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងក្នុងនាមជាមេគ្រួសារ លោកសូមឲ្យ លោក លោកស្រី ដែលជាបុគ្គលិកសុខាភិបាល ពិសេសថ្នាក់ដឹកនាំ គប្បីយកចិត្តទុកដាក់ ក្នុងការបំពេញការងារ មានព្រហ្មវិហារធម៌ទាំង៤ នៅក្នុងខ្លួន មានវប្បធម៌សាមគ្គី វប្បធម៌ចែករំលែកដល់ថ្នាក់ក្រោម។ លោកបានបន្ថែមថា បើបានធ្វើជាមេ ត្រូវមានទឹកដោះឲ្យកូនបៅ បើគ្មានទឹកដោះ ក៏មានទឹកបបរ និងទឹកស្ករដែរ សុខចិត្តឲ្យស្តួចកុំឲ្យដាច់។

ក្នុងឱកាសជួយសំណេះសំណាលនោះ លោកអភិបាលបានជូនវត្ថុកំដរដៃ ដល់បុគ្គលិកសុខាភិបាល ទូទាំងស្រុកបាកានសរុបប្រមាណ១៥២នាក់ ក្នុងម្នាក់ៗទទួលបាន សារុង១ ចំពោះស្ត្រីមានផ្ទៃពោះទទួលបាន សារុងម្នាក់៥ផងដែរ៕