(ភ្នំពេញ)៖ ពុទ្ធឱវាទរបស់សាសនាដែលប្រជាពលរដ្ឋកម្ពុជាជាង៩០% កំពុងគោរពប្រតិបត្តិ ព្រះអង្គបានទូន្មានថា សព្វបាបស្ស អករណំ គឺប្រែថា កុំធ្វើបាប អំពើអាក្រក់គ្រប់បែបយ៉ាង។ កុសល​ស្សូបសម្បទា គឺប្រែថា ខិតខំបំពេញបុណ្យកុសល​អំពីល្អគ្រប់យ៉ាង និងសចិត្តបរិយោទបនំ ប្រែថា ខិតខំដុសខាត់ជម្រះចិត្តរបស់ខ្លួនឲ្យបានស្អាតល្អផូរផង់។

ឱវាទប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធនេះ គឺជាត្រីវិស័យដ៏សំខាន់ណាស់សម្រាប់ឲ្យពុទ្ធបរិស័ទ មិនថាឡើយប្រជាពលរដ្ឋ ឬអ្នកនយោបាយនោះទេ ប្រសិនបើគ្រប់គ្នាគោរព ប្រតិបត្តិឲ្យបាន ត្រឹមត្រូវ នឹងនាំមកនូវសេចក្ដីសុខជោគ​ជ័យសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ ក៏ដូចជាសង្គមជាតិ ទាំងមូល។

ប៉ុន្តែ បើយើងក្រឡេកមើលមកបញ្ហាផ្ទាល់ខ្លួនរបស់ លោក កឹម សុខា វិញ គឺលោកបានប្រព្រឹត្តប្រាសចាក​ពីគោលប្រតិបត្តិបី​យ៉ាងដ៏សំខាន់​នេះ៖

ទី១៖ ពាក្យថា កុំធ្វើបាប អំពើអាក្រក់គ្រប់បែបយ៉ាង លោក កឹម សុខា បែរជាប្រព្រឹត្តនូវអំពើបាប ដូចជាពេលចូលប្រឡូកក្នុងឆាកនយោបាយ គឺគាត់មានតែការភូតកុហក បោកបញ្ឆោតប្រជាពលរដ្ឋ ហើយនិងបានដឹកនាំសកម្មភាព នៃចលនាតវ៉ា អនាធិបតេយ្យតាមដងផ្លូវរហូតក្លាយទៅជាការដុតកំហឹង បង្កើតហិង្សាបណ្ដាល ឲ្យមានអ្នកស្លាប់ និងរងរបួស ដោយសារតែការដឹកនាំបះបោរ ដុតបញ្ឆេះ​ឲ្យមានភាពចលាចលក្រោយការបោះឆ្នោតឆ្នាំ២០១៣ ដែលនេះគឺជាអំពើបាបមួយធ្ងន់ធ្ងរបំផុត ប្រាសចាកអំពីគោលការណ៍ព្រះពុទ្ធ សាសនា ដែលអប់រំឲ្យប្រកាន់យកធម៌អហិង្សា និងដោះស្រាយ​បញ្ហានានា ដោយសន្តិវិធី។

ទី២៖ ព្រះពុទ្ធ បានណែនាំឲ្យខិតខំបំពេញបុណ្យកុសល អំពីល្អគ្រប់យ៉ាង ប៉ុន្តែបើក្រឡេកមើលមកលោក កឹម សុខា មិនដែលបានធ្វើអ្វីក្រៅពីដើរលេងហឺហារ សប្បាយ ក្អេងក្អាង ហើយថែមទាំង​ប្រើឥទ្ធិពល​អំណាចរបស់ខ្លួនជាអ្នកតំណាងរាស្ត្រ ជាអនុប្រធានទី១ រដ្ឋសភា អាងមានលុយ មានអំណាច មានអង្គរក្ស មានទីប្រឹក្សាមួយចំនួន រហូតដល់ប្រព្រឹត្តជ្រុលខុស​នៅក្នុងអំពើកាមគុណ អនាចារ អសីលធម៌ ក្បត់ភរិយា លួចមានប្រពន្ធចុង និងបណ្តាស្រីជាច្រើន រួមរ័ក្សសប្បាយ ភ្លើតភ្លើន នេះជាអំពើបាបមួយទៀត ដែលជាការប្រាសចាកអំពីគោលការណ៍សាសនា។ មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពី ប្រឈមទៅនឹងការប្ដឹងផ្ដល់ក្រោមហេតុផលដែលគាត់គេចវេសមិនទទួលខុសត្រូវទាំងហ្នឹង បុគ្គលដែលប្រឡាក់ទៅដោយកាមគុណ គឺប្រឈមទៅនឹងផ្លូវច្បាប់ថែមទៀត។

ទី៣៖ ពុទ្ធឱវាទពន្យល់ថា ឲ្យខិតខំដុសខាត់ ជម្រះចិត្តរបស់ខ្លួនឲ្យបានស្អាតល្អផូរផង់ ប្រាសចាកចិត្តអកុសល ប៉ុន្តែចំពោះលោក កឹម សុខា វិញគេបានដឹងថា ទឹកចិត្តរបស់លោកពោរពេញដោយហិង្សា គំនិត ពាក្យសម្ដី និងសកម្មភាព ចាក់ដោត ញុះញង់ ចិត្តខ្មៅងងឹតជាមួយ និងរាជរដ្ឋាភិបាល ហើយពីមួយថ្ងៃ ទៅមួយថ្ងៃ ដោយមហិច្ឆតាអំណាចគាត់ជ្រួលច្របល់ អន្ទះអន្ទែង ចង់គ្រប់គ្រងប្រទេស ដែលខ្លួនឯងជាបុគ្គលអសមត្ថភាពសោះ។

ដូចការរៀបរាប់មកនេះ  អំពើបាបរបស់បុគ្គល កឹម  សុខា ដែលបានប្រព្រឹត្ត បើតាមគោលការណ៍ព្រះពុទ្ធសាសនា អំពើដែលបុគ្គលណាសាង បុគ្គលនោះជាអ្នកទទួល ឯគោលការណ៍ច្បាប់​បុគ្គលណាធ្វើខុស បុគ្គលនោះជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯង។ ដូច្នេះការដែល លោក កឹម សុខា ធ្វើពិធីជួបជុំនិមន្តសង្ឃមួយចំនួន ហើយសង្ឃនោះទៀតសោត ដែលត្រូវបានគេមើលឃើញថា ជាសង្ឃដែលប្រឡាក់ដោយនយោបាយ សង្ឃដែលមានចិត្តមិនស្អាត ធ្លាប់ចូលរួមធ្វើបាតុកម្មទៅទៀតនោះ គឺក្នុងចេតនាបិទបាំងនូវអំពើទុច្ចរិត អសីលធម៌ ភូតកុហក បោកប្រាស់ បំភ័ន្តសាធារណៈមតិជាតិ និងអន្តរជាតិនូវអំពើរំលោភបំពានលើច្បាប់របស់លោក កឹម សុខា តែប៉ុណ្ណោះ ដូចពាក្យចាស់ពោលថា «ដំរីស្លាប់យកចង្អេរមកបាំងមិនជិតទេ»។

អញ្ចឹងទីកន្លែងមួយ ឬក៏ក្រុមមួយដែលប្រមូលផ្ដុំគ្នាដោយភាពមិនស្អាត បានន័យថា ឧប្បទ្រុបទាំងអស់ គឺនឹងនៅវិលវល់កន្លែងហ្នឹងដដែលជាដដែល។ ផ្ទុយទៅវិញសកម្មភាពនានា ដែលបក្សប្រឆាំង​កំពុងធ្វើនេះ គឺគ្រាន់តែជាការយកព្រះពុទ្ធសាសនាធ្វើជាខែលមួយ ដើម្បីបំភ័ន្តភ្នែកគេ ថាខ្លួនជាអ្នកត្រឹមត្រូវ ជាអ្នកថ្លៃថ្នូរ ជាអ្នកដែលមិនមានកំហុស។ ក៏ប៉ុន្តែយោងលើហេតុផល ដែលបានរៀបរាប់​ខាងលើ គឺលោក កឹម សុខា មានបាបក្រាស់ក្រែល ដូច្នេះបើទោះជាយកព្រះពុទ្ធ សាសនា ដើម្បីបិទបាំងក៏ដោយ ក៏បុណ្យដ៏តិចតួច មិនអាចនឹងជួយលាងសម្អាត​អំពើបាបនោះបានឡើយ។ ការជឿជាក់ ការស្រលាញ់ ឬគោរពប្រតិបត្តិចំពោះព្រះពុទ្ធសាសនាឱ្យបានខ្ជាប់ខ្ជួន មានន័យថា បុគ្គលនោះៗជាពុទ្ធបរស័ទដ៏ល្អ ដែលមានការត្រងត្រាប់ ការស្តាប់ និងការគោរព ប្រតិបត្តិតាមគន្លង​ព្រះពុទ្ធសាសនា​ឲ្យបានគត់មត់ ច្បាស់លាស់ប្រាកដប្រជា ទើបធ្វើបុណ្យ បុណ្យជួយ។

ប៉ុន្តែបើយើងក្រឡេកមើលអំពើអាក្រក់ និងការបំពានច្បាប់របស់បុគ្គលមួយចំនួននៅក្នុងបក្សប្រឆាំងវិញ ដូចជាទង្វើរបស់ លោក កឹម សុខា ជាដើម គឺបានកំពុងដើរផ្ទុយទាំងស្រុងពី គោលការណ៍ ព្រះពុទ្ធសាសនាផង និងគោលការណ៍និតិរដ្ឋផង ដែលបញ្ហានានាត្រូវតែដោះស្រាយគ្នាទៅតាម ផ្លូវច្បាប់មិនអាចប្រព្រឹត្តខុស ហើយបែរជារំលងផ្លូវច្បាប់ ដោយយកច្បាប់មកទ្រាប់អង្គុយ គឺបានន័យថា ប្រទេសនេះនឹងក្លាយជាអនាធិបតេយ្យហើយ។

អីចឹងបាបដ៏ក្រាស់ក្រែលរបស់ លោក កឹម  សុខា នៅពេលនេះ បើគាត់មិនគោរពអនុវត្តតាមច្បាប់ទេនោះ ទោះបីជានិមន្តសង្ឃមួយប្រទេស មកសូត្រមន្តរំដោះគ្រោះរាល់ថ្ងៃ ក៏បាបដ៏ធ្ងន់ធ្ងរ នេះបុណ្យជួយមិនបានឡើយ ពីព្រោះមិនត្រឹមតែបាបដោយអំពើភូតកុហក  ឬក៏ការញុះញង់ឲ្យមាននូវហិង្សានោះទេ បាបដោយការប្រព្រឹត្តខុសក្នុងការគេចវេសពីការទទួលខុសត្រូវក្នុងការសេព មេថុន (ប្រព្រឹត្តខុសក្នុងកាម) និងការប្រឆាំងច្បាប់ គឺជាទណ្ឌកម្មដ៏ធ្ងន់បំផុត ដែលព្រះជួយមិនបានឡើយ។ ក្នុងន័យថា បុគ្គលគ្រប់រូប បើចិត្តមិនស្អាតហើយ នោះនឹងធ្វើសកម្មភាពអ្វីក៏មិន បរិសុទ្ធ មិនស្អាតល្អដែរ។ ផ្ទុយទៅវិញមានតែការដឹងខុស កែខ្លួនមកជាមនុស្សល្អតែបុណ្ណោះទើប រួចផុតពីទុក្ខភ័យ និងមិនសៅហ្មងចិត្ត មិនតក់ស្លុត និងមិនបាក់ស្មារតីនោះឡើយ។ ប៉ុន្តែនៅពេលនេះ លោក កឹម សុខា ជាមនុស្សបាត់អស់នូវភាពជាឥស្សរៈទាំងនោះហើយ គឺគាត់កំពុង បាក់អស់នូវថាមពល ទាំងផ្លូវកាយ និងសតិអារម្មណ៍៕

អត្ថបទដោយៈ ចាន់ សំណាង (សាស្ត្រាចារ្យពុទ្ធិកវិទ្យាល័យព្រះសីហនុរាជ)