(ភ្នំពេញ)៖ កីឡាករល្បីលំដាប់ពិភពលោក Keisuke HONDA បានឯកភាពលើ ២ចំណុចសំខាន់ដែលត្រៀមជួយដល់ប្រទេសកម្ពុជា គឺ «ការបង្កើតសាលា បាល់ទាត់ និងជួយកិច្ចការសង្គម អំពីការ​លុប​បំបាត់គ្រឿងញៀន និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍» នេះបើយោងតាមលោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធ កីឡាបាល់ទាត់កម្ពុជា (FFC) ថ្លែងប្រាប់ Fresh News ថ្ងៃទី០៩ មិថុនានេះ»

លោក ខៀវ សាម៉េត បានបញ្ជាក់ថា នៅក្នុងកិច្ចសំណេះសំណាលជាមួយនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា រយៈពេល៣០នាទី នៅឯបញ្ជាការដ្ឋាន​កងរាជអាវុធ​ហត្ថ​លើផ្ទៃប្រទេស (ទួលគោក) នៅរសៀលថ្ងៃទី០៩ មិថុនា ក្រោយពីពិសាអាហារថ្ងៃត្រង់រួច ខ្សែប្រយុទ្ធជនជាតិជប៉ុន ដែលកំពុងប្រកបអាជីពនៅក្នុងក្លឹប AC Milan នៃប្រទេសអ៊ីតាលីខាងលើ បានយល់ព្រមបង្កើតសាលាបណ្តុះបណ្តាលថ្នាល ដើម្បីលើកស្ទួយវិស័យកីឡាបាល់ទាត់នៅកម្ពុជា ឲ្យកាន់តែរីកចម្រើនឡើងបន្ថែមទៀត ស្របពេលសន្ទុះនៃអ្នក​គាំទ្រកំពុងមាន​ការកើនឡើងយ៉ាងគំហុក។

តែយ៉ាងណាក៏ដោយ ការសាងសង់សាលាកីឡាបាល់ទាត់នេះដែរ មិនទាន់កំណត់ថា នឹងសង់នៅទីណានោះទេ គ្រាន់តែ FFC ចង់សាងសង់នៅតាមបណ្តាខេត្តសំខាន់ៗវិញ។

បន្ថែមពីលើនេះទៀត កីឡាករវ័យ២៨ឆ្នាំ Keisuke HONDA ក៏បានឯកភាព ក្នុងការជួយកិច្ចការសង្គមកម្ពុជាផងដែរ ក្នុងការលុបបំបាត់គ្រឿងញៀន ដែលជួយអប់រំក្មេងៗ និងយុវវ័យ ងាកមកលេង​កីឡា ដើម្បីជៀសឆ្ងាយពីគ្រឿងញៀន និងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ថែមទៀតផង ដោយរូបគេសន្យាថា នឹងគៀងគររក Sponsor នានានៅជុំវិញ ពិភពលោក ដើម្បីយកមកអភិវឌ្ឍន៍កម្ពុជា ឲ្យកាន់តែរីកចម្រើនថែមទៀត៕