(តាកែវ)៖ ជម្លោះដ៏រាំរ៉ៃ រវាងនាយក នាយករង និងក្រុមគ្រូបង្រៀនមួយចំនួន នៃវិទ្យាល័យក្រាំងស្លា ស្ថិតនៅក្នុងឃុំចា ស្រុកព្រៃកប្បាស ត្រូវ បានរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជូនណារ៉ុន និង អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ បានចុះទៅស្ដាប់ការលើក ឡើងបញ្ហារវាងគូទំនាស់នីមួយៗ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែមិថុនា ឆ្នាំ២០១៦។

បន្ទាប់ពីស្តាប់ការរៀបរាប់របស់​នាយក នាយករង ក៏ដូចជាលោកគ្រូ អ្នកគ្រូ ដែលជាគូទំនាស់ហើយនោះ លោករដ្ឋមន្រ្តី ហង់ ជូនណារ៉ុន បានថ្លែងថា លោកមក ពេលនេះ គ្រាន់តែស្ដាប់បញ្ហារបស់ភាគីនីមួយៗប៉ុណ្ណោះ ហើយក្នុងរយៈពេលដ៏ខ្លីខាងមុខ លោកនឹងបញ្ជូនអធិការចម្រុះមួយក្រុមចុះធ្វើអធិ  ការកិច្ចលើបញ្ហាមួយចំនួនរួមមាន៖ ១. ការដឹកនាំ និងគ្រប់គ្រងសាលា, ទី២. លទ្ធផលការសិក្សារបស់សិស្ស ទី៣. ការបែងចែកភារកិច្ច និង ម៉ោងពេលបង្រៀន និងទី៤. ក្រុមអធិការកិច្ច នឹងសាកសួរប្រជាពលរដ្ឋនៅក្នុងសហគមន៍ផងដែរ។

លោករដ្ឋមន្រ្តីបានថ្លែងបន្តថា លោកមិនអាចដកនាយកសាលាទៅតាមពាក្យបណ្ដឹងរបស់ភាគីម្ខាងទៀត ដោយមិនមានការសិក្សាស្រាវជ្រាវ  នោះទេ។ ការសម្រេចចិត្តអ្វីមួយ អាស្រ័យទៅលើព័ត៌មានគ្រប់គ្រាន់ និងច្បាស់លាស់ ដូច្នេះក្រុមអធិការកិច្ចចម្រុះរបស់ក្រសួង នឹងផ្ដល់ព័ត៌  មានលំអិត បន្ទាប់ពីធ្វើអធិការកិច្ចរួចរាល់ ហើយភាពយុត្តិធម៌មួយ នឹងលេចចេញជារូបរាង។

លោករដ្ឋមន្រ្តីរំពឹងថា បន្ទាប់ពីបញ្ហាត្រូវដោះស្រាយរូចរាល់អស់ហើយនៅពេលខាងមុខ លោកនឹងជួយឲ្យវិទ្យាល័យក្រាំងស្លាមានភាពលូត លាស់ និងលេចធ្លោឡើង ហើយលោកក៏រៀបចំប្រព័ន្ធ នៃការដឹកនាំសាលាមួយ ដែលអាចដោះស្រាយរាល់បញ្ហាកើតឡើង និងមិនបណ្ដោយ ឲ្យមានការឈ្លោះទាស់ទែងគ្នាទៀតនោះទេ។

ក្នុងឱកាសនោះ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានស្នើសុំឲ្យលោកគ្រូ អ្នកគ្រូទាំងអស់ នៅវិទ្យាល័យក្រាំងស្លាស្ងប់អារម្មណ៍ និង  បន្តការបង្រៀនដល់សិស្សជាធម្មតា ទំរាំក្រុមអធិការកិច្ចបញ្ចប់ការការធ្វើអធិការកិច្ច ហើយក្នុងនាមលោកគ្រូ អ្នកគ្រូ ដែលត្រូវបានចាត់ទុកជា  បញ្ញវន្តនោះ គួរតែយករាល់បញ្ហាមកដាក់លើតុ ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ ដែលអាចទទួលយកបានទាំងអស់គ្នា៕