(ភ្នំពេញ)៖ ធនាគារពិភពលោក នៅថ្ងៃទី០៩ ខែមិថុនានេះ បានចុះហត្ថ​លេខាផ្តល់ ជំនួយ ១៣០លានដុល្លារអាមេរិក ដល់កម្ពុជា ដើម្បីជំរុញការអភិវឌ្ឍតាមជនបទ លើកកម្ពស់ជីវភាព និង កាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។

ការចុះហត្ថលេខាផ្តល់ និង ទទួលហិរញ្ញប្បទាននេះ ត្រូវបានរៀបចំឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០១៦នេះ ដោយភាគីកម្ពុជា តំណាងដោយទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ចំណែកភាគីធនា  គារពិភពលោក តំណាងដោយលោក អ៊ូលរិច ហ្សាចៅ នាយកធនាគារពិភពលោកប្រចាំតំបន់អាស៊ី-អាគ្នេយ៍។

ការផ្តល់ហិរញ្ញប្បទាន របស់ធនាគារពិភពលោកនេះ នឹងត្រូវយកទៅប្រើប្រាស់លើគម្រោងចំនួន៤ ដើម្បីជួយពង្រឹងលើការថែទាំផ្លូវថ្នល់គ្រប់  គ្រងធនធានជលផល លើកកម្ពស់ជីវភាពរស់ពឹងអាស្រ័យលើកសិកម្ម ក្នុងសហគមន៍គោលដៅនៅជនបទ និង លើកកម្ពស់ការទទួលបាន សេវាសុខភាព ដែលផ្តល់ហិរញ្ញប្បទាន ដោយសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែលជាស្ថាប័នមួយរបស់ធនាគារពិភពលោក សម្រាប់ការ ផ្តល់ហិរញ្ញវត្ថុដល់ប្រទេសក្រីក្រ។

លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុន្នីរ័ត្ន បានលើកឡើងថា ការចុះហត្ថលេខាលើការផ្តល់ហិរញ្ញប្បទាននេះ ជាការបង្ហាញឲ្យឃើញនូវភាពជាដៃគូ ដ៏រឹងមាំ រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយធនាគារពិភពលោក។ លោក អូន ព័ន្ធមុន្នីរ័ត្ន បានសម្តែងនូវសោមនស្សរីករាយខ្លាំងចំពោះការផ្តល់  ជំនួយរបស់ធនាគារពិភពលោក ដើម្បីផ្តល់លទ្ធភាពឲ្យរាជរដ្ឋាភិបាលកម្ពុជា អនុវត្តន៍នូវគោលនយោបាយជាយុទ្ធសាស្រ្តរបស់ខ្លួន។

លោកទេសរដ្ឋមន្រ្តី បានថ្លែងយ៉ាងដូច្នេះ «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមយកឱកាសនេះ ថ្លែងកោតសរសើរ និង អំណរគុណ ចំពោះ ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោក ដែលបានគាំទ្រលើឯកសារទំនាក់ទំនងប្រទេស និងអនុម័តគម្រោងទាំងចំនួន៤ ដែល ចុះហត្ថលេខានាថ្ងៃនេះ។ ខ្ញុំក៏សូមសម្តែងក្តីសោមនស្សរីករាយជាមួយការដឹងគុណចំពោះការិយាល័យនាយកប្រតិបត្តិតំណាងក្រុមប្រទេស នានា របស់ធនាគារពិភពលោក ដែលបានទទួលស្គាល់សមទ្ធិផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការសម្រេចបានស្ថេរភាព  និងកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយ ការកាត់បន្ថយភាពក្រីក្រក្នុងល្បឿនលឿន ការសម្រេចបាននូវគោលដៅ សហស្សវត្សរ៍ និង ការជំរុញការបែងចែកផ្លែផ្កា នៃកំណើនដោយសមធម៌»

លោក អ៊ូលរិច ហ្សាចៅ នាយកធនាគារពិភពលោកប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានលើកឡើងថា ការទទួលបានផ្លូវថ្នល់ល្អ ការគាំទ្រដល់អ្នក ភូមិដែលក្រីក្ររស់ពឹងអាស្រ័យកសិកម្ម និងនេសាទ និងការទទួលបានសេវាសុខភាព គឺជាអាទិភាពសម្រាប់កម្ពុជា។

លោកបន្តថា «គម្រោងទាំង៤ ដែលចុះហត្ថលេខាថ្ងៃនេះ នឹងចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាក្រីក្រ ហើយ យើងសប្បាយរីករាយក្នុងការជួយគាំទ្រពួកគាត់។ យើងនឹងធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ និងជាដៃគូ ដ៏រឹងមាំជាមួយកម្ពុជា ក្រោមផែនការទំ នាក់ទំនងសម្រាប់ប្រទេសថ្មី ដែលវានឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងមូល»