(កែប)៖ ក្រុមចម្រុះនគរបាលខេត្តចុះប្រចាំការនៅប៉ុស្តិ៍រដ្ឋបាលពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែបនៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦នេះ បានបន្ដយុទ្ធនាការចុះជួយធ្វើផ្ទះជូនប្រជាជន រយៈពេលជិត​មួយអាទិត្យ ដែលក្រោមការដឹកនាំរបស់ លោក អីុសំអុល ស្នងការនគរបាលខេត្ត។

 លោកឧត្តមសេនីយ៍ស្នងការ បានឱ្យដឹងថា កម្លាំងនគរបាលចម្រុះបាន សហការជួយធ្វើផ្ទះមួយខ្នងទំហំ៤ម៉ែត្រ គុណ៥ម៉ែត្រ សសរឈើ ជញ្ជាំង និងដំបូល ធ្វើពីសង្កសី ជូនប្រជាជនម្នាក់ឈ្មោះ មាឃ លន អាយុ៥៧ឆ្នាំ ដែលជាអ្នកក្រីក្រ ជួបការលំបាក សព្វថ្ងៃរស់នៅភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ក្នុងនោះដែរ ក្រុមនគរបាលចម្រុះក៏បាននាំយកថវិការបស់អង្គការអន្តរជាតិឈោងចាប់កុមារនៅកម្ពុជា ទៅផ្ដល់ជូនគ្រួសារខាងលើផងដែរ។

សូមបញ្ជាក់ថា រយៈពេលជិតមួយឆ្នាំនេះ តាមរយៈក្រុមការងាររបស់លោកស្នងការនគរបាលខេត្តកែប បានផ្តល់ឲ្យអណ្តូងស្នប់៣ ផ្ទះ៤ខ្នង និងបានផ្តល់គ្រឿងឧបភោគបរិភោគ ជាបន្តបន្ទាប់ជូន​ប្រជាពលរដ្ឋ ដែលបានជួបការលំបាកខ្វះខាត។

ក្នុងនោះដែរ លោកស្នងការ ក៏បានថ្លែងអំណរគុណ និងសូមឱ្យអង្គការបន្តឧបត្ថម្ភ ដល់ប្រជាជននៅភូមិនេះបន្តទៀត ដើម្បីជីវភាពរបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ លោកក៏បានផ្តល់លិខិត​ថ្លែងអំណរ​គុណ ដល់លោកប្រធាន និងលោកស្រីប្រធានសំរបសំរួល ម្នាក់មួយផងដែរ៕